ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្មព្យាយាមទប់ស្កាត់ មិនឲ្យមានផលប៉ះពាល់រំខានពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក និងជំរុញការធ្វើពាណិជ្ជកម្មបែបនេះ ឲ្យមានតុល្យភាពនៃការរីកលូតលាស់ព្រមៗគ្នា និងងាយស្រួលសម្រាប់ការគ្រប់គ្រង។
ជាការឆ្លើយតបទៅនឹងផែនការសកម្មភាពរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញអនុវត្តការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១០ ខែមិថុនា នេះបានចាប់ផ្តើមដាក់ឱ្យដំណើរផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមមានឱកាសដាក់លក់ផលិតផលរបស់ខ្លួនលើផ្សារនេះកាន់តែសំបូរបែប។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា នេះគឺជាគម្រោងមួយដែលនឹងបំផុសការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដោយត្រឹមត្រូវ និងមានការចុះបញ្ជីស្របទៅតាមច្បាប់ ដែលទាំងអស់នេះគឺជាការព្យាយាមរបស់ក្រសួងពាណិជ្ជកម្មក្នុងការទប់ស្កាត់មិនឲ្យមានផលប៉ះពាល់រំខានពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក និងជំរុញមានតុល្យភាពនៃការរីកលូតលាស់ព្រមៗគ្នានៃការធ្វើពាណិជ្ជកម្ម។
ឯកឧត្តមបន្ថែមថា គោលបំណងចំបងនៃការបង្កើតទីផ្សារអនឡាញនេះគឺដើមជួយសម្របសម្រួល ជំរុញឲ្យមានការចូលរួម និងអនុវត្តច្បាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានប្រសិទ្ធិភាព ពោលគឺមិនមែនជាទីផ្សារបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយនឹងវិស័យឯកជននោះឡើយ។
ជាក្តីរំពឹងទុករបស់ក្រសួងពាណិជ្ជកម្មការបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអឡិចត្រូនិកនេះគឺជាចំណែកមួយនៃការបង្ហាញគំរូនៃការអនុវត្តការធ្វើពាណិជ្ជកម្មឲ្យមានប្រសិទ្ធិភាព និងបង្ហាញពីគំរូនៃការអនុវត្តច្បាប់ ដែលវាក៏ជាចំណែកមួយនៃវិស័យពន្ធដារផង។
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមប្រមាណ៥ម៉ឺន២ពាន់១៥៤មូលដ្ឋាននៅកម្ពុជា៕
អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ