ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១

វៀតណាម នាំចេញបន្លែ និងផ្លែឈើជាង ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ

១២ មិថុនា ២០២១ | សេដ្ឋកិច្ច

ទិន្នន័យផ្លូវការពី រដ្ឋាភិបាលវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសវៀតណាម សម្រេចបាននូវការនាំចេញបន្លែ និងផ្លែឈើប្រមាណ ១ពាន់ ៧រយលានដុល្លារអាមេរិក ដែលមានកំណើន ១៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញទៀតថា នៅក្នុងខែឧសភា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម បាននាំចេញបន្លែ និងផ្លែឈើ ប្រមាណ ៤០០លានដុល្លារអាមេរិក ដែលតួលេខនេះ មានការកើនឡើង ៤៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


ប្រទេសចិន នៅតែជាទីផ្សារធំជាងគេបំផុត ដែលទិញបន្លែ និងផ្លែឈើវៀតណាម ហើយបណ្តាប្រទេស ដែលវៀតណាម សម្រេចការនាំចេញជាវិជ្ជមាន រួមមានអាមេរិក ជប៉ុន រុស្ស៊ី និងអូស្រ្តាលី។


ទោះយ៉ាងណាការផ្ទុះឡើងនូវ រលកមេរោគកូវីដទី ៤ នៅក្នុងប្រទេសវៀតណាម អំឡុងពេលប្រមូលផលផ្លែគូលេន បានប៉ះពាល់ដល់សកម្មភាពនាំចូលយ៉ាងខ្លាំង ដែលធ្វើឲ្យវៀតណាម ពិបាកនឹងចាប់យកផលប្រយោជន៍ពីការនាំចេញផ្លែគូលេនទៅកាន់ ទីផ្សារជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ។

 


ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសជប៉ុន ក៏បានបន្តរៀបចំប្រព័ន្ធទីផ្សារជាមួយអាជ្ញាធរក្នុងប្រទេសជប៉ុន ដើម្បីបង្កើតជាបណ្តាញទីផ្សារចែកចាយផ្លែឈើវៀតណាម នៅក្នុងប្រទេសជប៉ុន។

 


គួររម្លឹកថា រដ្ឋាភិបាលវៀតណាម បានសម្រេចអនុម័តលើគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម ដោយដាក់គោលដៅនាំចេញបន្លែ និងផ្លែឈើគ្រប់ប្រភេទ ឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០៣០៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.