ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលកម្ពុជាបង្ហាញពីឆន្ទ: ចង់ប្រែក្លាយកម្ពុជាឲ្យទៅជាជង្រុកស្រូវ និងមានសមត្ថភាពនាំចេញស្រូវ អង្ករ ដ៏ធំក្នុងចំណោមប្រទេសអាស៊ាន

១០ មិថុនា ២០២១ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលបង្ហាញពីឆន្ទ: ចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ -អង្ករដ៏ធំមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមរយៈគោលនយោបាយស្រូវ-អង្ករ។

 


ដើម្បីសម្រេចគោលនយោបាយនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានលើកសំណើគម្រោងកម្មវិធីមួយឈ្មោះថា កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដែលគម្រោងនេះគឺតបតាមសំណើ កម្មវិធីនេះត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានរយ:ពេល ៨ឆ្នាំ  ពី២០១៣ដល់២០២១ដោយបានទទួលជំនួយហិរញ្ញប្បទានពី ADB និងរាជរដ្ឋាភិបាលកម្ពុជា។

 


ក្រៅពីតួនាទីដ៏ចំបងក្នុងការជំរុញផលិតភាពផលិតកម្មកសិកម្មដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងក៏បានខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិត ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឲ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិក្នុងទិសដៅចំបងគឺបង្កើនបរិមាណ និងប្រភេទមុខដំណាំសម្រាប់ការនាំចេញ។ 

 


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការនាំចេញ ផលិតផលដំណាំស្រូវបានចូលរួមចំណែកប្រមាណជា ៥០% នៃផលិត ផលកសិកម្ម ហើយប្រាកដណាស់ រាជរដ្ឋាភិបាលបានចាត់ទុកផលិតកម្មនេះថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

 


យ៉ាងណាបើតាមរបាយការណ៍ក្រសួងកសិកម្មក្នុងរយៈពេល៥ ខែនេះបរិមាណអង្ករដែលកម្ពុជាបាននាំចេញទៅទីផ្សារក្រៅប្រទេសសម្រេចបានជាង២៣ម៉ឺន៣ពាន់តោន ធៀបនឹងការនាំចេញដូចគ្នាកាលពីឆ្នាំ២០២០ មានរហូតដល់៣៥ ម៉ឺន៦ពាន់តោន ធ្លាក់ចុះជាង ៣៤ភាគរយ៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024