ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនវៀតណាម ទទួលបានឱកាសក្នុងពង្រីកសក្តានុពលលើ បណ្តាញផ្គត់ផ្គង់ទីផ្សារសកល

០៧ មិថុនា ២០២១ | សេដ្ឋកិច្ច

ការកាត់ផ្តាច់នូវខ្សែចង្វាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយសារតែកូវីដ១៩ បានធ្វើឲ្យ អាជីវកម្មនៅបរទេសជាច្រើន ទទួលយកទំនិញពីប្រទេសវៀតណាមវិញ ដែលបង្កើតជាឱកាស សម្រាប់ក្រុមហ៊ុន និងសហគ្រាសវៀតណាម អាចពង្រីកសក្តានុពលរបស់ខ្លួននៅលើ បណ្តាញផ្គត់ផ្គង់ទីផ្សារសកល។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


វិបត្តិមេរោគកូវីដ១៩ ដែលផ្ទុះឡើងនៅតាមបណ្តាប៉ែកអឺរ៉ុប អាមេរិក និងតំបន់ផ្សេងៗជាច្រើនទៀត បានធ្វើឲ្យខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញរបស់ទីផ្សារសកល ត្រូវបានកាត់ផ្តាច់ ជាពិសេសគឺ វត្ថុធាតុដើមសម្រាប់ផលិតកម្ម ទោះយ៉ាងណា បញ្ហានេះ បានបង្កើតជាឱកាស សម្រាប់ប្រទេសវៀតណាម ដែលបានទាក់ទាញការវិនិយោគជាច្រើន ដែលហូរមកពីប្រទេសដទៃ។


បើតាមទីភ្នាក់ងារជម្រុញវិនិយោគវៀតណាម បានលើកឡើងថា ចាប់តាំងពីខែមេសាមក ក្រុមហ៊ុន សហគ្រាសបរទេសជាច្រើន បានស្វែងរកប្រភពផ្គត់ផ្គង់ទំនិញនៅក្នុងប្រទេសវៀតណាម ដោយភាគច្រើនជាការបញ្ជាទិញមកពី អាមេរិក ចិន ថៃ និងរុស្ស៊ី។


ក្នុងចំណោមទំនិញទាំងអស់នោះ រួមមាន អាហារកែច្នៃ ដែកថែប វត្ថុអនុស្សាវរីយ៍ សម្ភារៈសំណង់ និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះជាដើម ដោយតម្រូវការរបស់ក្រុមហ៊ុនទាំងអស់នោះ ភាគច្រើនមានចំនួនច្រើន និងចុះកុងត្រារយៈពេលវែង។


ដូច្នេះហើយ សហគ្រាសវៀតណាម មានអាទិភាពខ្ពស់ក្នុងការចាប់យកឱកាសនេះ ដែលមានការបញ្ជាទិញទំហំធំ និងច្រើន តែចាំបាច់ វៀតណាម ត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្របតាមស្តង់ដារកំណត់។


ទោះយ៉ាងណាក៏ដោយ ដើម្បីចាប់យកឱកាសនេះ រដ្ឋាភិបាលវៀតណាម ត្រូវចូលរួមចំណែកជួយដល់ វិស័យឯកជន តាមរយៈពេលការផ្តល់ទីតាំងវិនិយោគ លក្ខខណ្ឌវិនិយោគពិសេស និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានប្រសើរជាងនេះ។

 


សូមរម្លឹកដែរថា ភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ច Moody’s Investors Service បានធ្វើការព្យាករណ៍ពី សេដ្ឋកិច្ចប្រទេសវៀតណាម ថា នឹងមានការប្រែប្រួលពី អវិជ្ជមាន មកវិជ្ជមានវិញ ក្នុងឆ្នាំ ២០២១នេះ ដោយសារតែភាពរឹងម៉ាំនៃចំណូលសារពើពន្ធ និងការផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្មសកល ចូលមកកាន់ប្រទេសមួយនេះ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024