ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១

វៀតណាម និងកូរ៉េខាងត្បូង ជម្រុញគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣

០៤ មិថុនា ២០២១ | សេដ្ឋកិច្ច

ប្រទេសវៀតណាម និងប្រទេសកូរ៉េខាងត្បូង បាននិងកំពុងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងភាពជាដៃគូវិនិយោគ ហើយរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ អាចនឹងសម្រេចបានជាង ១០០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៣ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


Story: រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជួបជាមួយ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម ដើម្បីជជែកអំពីផែនការ និងវិធានការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ នៅក្នុងវិស័យឧស្សាហកម្ម ថាមពល និងពាណិជ្ជកម្ម។


ភាគីទាំង ២ ក៏បានយល់ព្រមជម្រុញសក្តានុពលរបស់ពួកគេរៀងៗខ្លួន ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយភាគីទាំង ២ សុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួត។


ទោះយ៉ាងណា បញ្ហាមេរោគកូវីដ១៩ ជាឧបសគ្គសម្រាប់ប្រទេសវៀតណាម និងកូរ៉េខាងត្បូង ក្នុងការបន្ត និងជម្រុញកិច្ចការងារពាណិជ្ជកម្មនាពេលនេះ តែពួកគេនៅតែអះអាងថា នឹងបន្តជម្រុញបន្ថែមនាពេលអនាគត ដោយក្នុងនោះរួមមាន គោលដៅពាណិជ្ជកម្មទ្វេភាគី ១០០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៣។


បើតាមទិន្នន័យពី រដ្ឋាភិបាលវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រទេសកូរ៉េខាងត្បូង សម្រេចបានជាង ២៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ វៀតណាម សម្រេចការនាំចេញបានជាង ៧ពាន់លានដុល្លារអាមេរិក។

 


សូមជម្រាបដែរថា ប្រទេសកូរ៉េខាងត្បូង ក៏ជាអ្នកវិនិយោគធំជាងគេបង្អស់នៅក្នុងប្រទេសវៀតណាម ដោយគិតត្រឹមខែឧសភា ឆ្នាំ ២០២១នេះ គឺមានគម្រោងវិនិយោគជាង ៩ពាន់គម្រោង ជាមួយទឹកប្រាក់ជាង ៧២ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.