ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ជំនួញពាណិជ្ជកម្មតាមច្រកព្រំដែន និងឆ្លងកាត់របស់ប្រទេសថៃ សម្រេចបានជិត ១៧ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ

០២ មិថុនា ២០២១ | សេដ្ឋកិច្ច

ជំនួញពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់របស់ប្រទេសថៃ សម្រេចបានជិត ១៧ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១នេះ ដែលមានកំណើន ២៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះ ដោយសារព័ត៌មាន Bangkok Post។


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា គិតចាប់ពីខែមករា ដល់ខែមេសានេះ ថៃ សម្រេចបាននូវទំហំពាណិជ្ជកម្មឆ្លងព្រំដែនប្រមាណជិត ១៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះទឹកប្រាក់ជាង ៩ពាន់ ៤រយលានដុល្លារអាមេរិក ជាទំហំពាណិជ្ជកម្មនៅតាមព្រំដែន កើនឡើង ១៧% និងទឹកប្រាក់ជាង ៧ពាន់ ៤រយលានដុល្លារទៀត ជាទំហំពាណិជ្ជកម្មឆ្លងកាត់ប្រទេសថៃ កើនឡើង ៤២%។


លោក បន្តថា កំណើនដ៏ខ្ពស់នៃទំហំពាណិជ្ជកម្មតាមច្រកព្រំដែន និងឆ្លងកាត់ នៅក្នុងរយៈពេល ៤ខែនេះ រុញច្រានឲ្យ រាជរដ្ឋាភិបាលថៃ កាន់តែមានទំនុកចិត្តថា ថៃ អាចនឹងសម្រេចនូវទំហំពាណិជ្ជកម្មតាមព្រំដែនប្រមាណ ៤៤ពាន់លានដុល្លារអាមេរិក មានកំណើនរង្វង់ ៣% ទៅ ៦% នៅក្នុងឆ្នាំ ២០២១នេះ បន្ទាប់ពីបានធ្លាក់ចុះ ១,៧% កាលពីឆ្នាំ ២០២០កន្លងទៅ។


ជំនួញពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងម៉ាឡេស៊ី មានទំហំដល់ទៅ ៣ពាន់ ៤រយលានដុល្លារអាមេរិក កើនឡើង ៥២% ខណៈពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ជាមួយ ប្រទេសកម្ពុជា មានជាង ១ពាន់ ៨រយលានដុល្លារអាមេរិក ធ្លាក់ចុះជាង ៤%។

 

ផលិតផលសំខាន់ៗ ដែលប្រទេសថៃ ផ្គត់ផ្គង់ទៅកាន់ប្រទេសម៉ាឡេស៊ី រួមមានកៅស៊ូ កុំព្យូទ័រ និងរថយន្ត ហើយផលិតផលថៃ ដែលចូលមកប្រទេសកម្ពុជា ភាគជាច្រើនជា ភេសជ្ជៈ ម៉ូតូ និងរថយន្តគ្រួសារ។


រីឯជំនួញពាណិជ្ជកម្មឆ្លងកាត់ប្រទសថៃ កើនឡើងនៅគ្រប់ទីផ្សារទាំងអស់ ដោយក្នុងនោះ ទីផ្សារប្រទេសចិន សម្រេចបានជាង ៣ពាន់ ២រយលានដុល្លារអាមេរិក កើនឡើង ៥៤%, ទីផ្សារប្រទេសសិង្ហបុរី សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង ៣៤% និងទីផ្សារវៀតណាម មានជាង ៧០០លានដុល្លារ កើនឡើង ២២%។


យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ បានសន្យានឹងបើកប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនបន្ថែមទៀត បន្ទាប់ពីបានបិទច្រកចំនួន ៥១កន្លែង នៅក្នុងចំណោមច្រកទាំងអស់ ៩៧កន្លែង ដោយការបិទច្រកព្រំដែននេះ គឺដោយសារតែវិបត្តិមេរោគកូវីដ១៩។

 


សូមរម្លឹកបន្តិចថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះត្រឹមតែ ១% បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាមេរោគកូវីដ១៩ ដោយមានការរឹតបន្តឹងនៅតាមច្រកព្រំដែននីមួយៗក៏ដោយ ក្នុងនោះ ថៃ សម្រេចការនាំចេញទំនិញ ២៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២% ខណៈការនាំចូលទំនិញតាមព្រំដែនមកវិញ មានជាង ១៨ពាន់លានដុល្លារអាមេរិកធ្លាក់ចុះ ១%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024