ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សួនឧស្សាហកម្មធំមួយ នៅវៀតណាម កំពុងខាតបង់ជាង ៨៦លានដុល្លារក្នុងមួយថ្ងៃ ដោយសារកូវីដ

០២ មិថុនា ២០២១ | សេដ្ឋកិច្ច

ការផ្ទុះឡើងនូវរលកឆ្លងមេរោគកូវីដ១៩ នៅក្នុងតំបន់ឧស្សាហកម្មវៀតណាម ខេត្តបាកាង បានធ្វើឲ្យចង្វាក់ផលិតកម្មក្នុងតំបន់នេះ ខាតបង់ទឹកប្រាក់ប្រមាណ ៨៦លានដុល្លារអាមេរិកក្នុងមួយថ្ងៃ និងធ្វើឲ្យកម្មករនិយោជិត ១៤ម៉ឺននាក់ខាតបង់ការងារផងដែរ។ នេះបើយោងតាមការចុះផ្សាយ នៅថ្ងៃនេះ ដោយសារព័ត៌មាន Vietnam Express។


លោក ង្វៀន សួន ងុក អនុប្រធានក្រុមប្រឹក្សាភិបាលនៃ សួនឧស្សាហកម្មបាកាង បានលើកឡើងថា នៅតំបន់នេះ មានសហគ្រាស ៣៩៥កន្លែង រាប់បញ្ចូលទាំងក្រុមហ៊ុនយក្សៗ ដែលមានបុគ្គលិកជាង ១៦ម៉ឺននាក់កំពុងធ្វើការ ដោយសហគ្រាសទាំងអស់នេះ អាចបង្កើតតម្លៃផលិតកម្មឧស្សាហកម្មបានដល់ទៅ ១៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងបង្កើតជាចំណូលជូនរដ្ឋាភិបាលវៀតណាមប្រមាណ ១៣០លានដុល្លារអាមេរិក។


បន្ទាប់ពីការផ្អាកប្រតិបត្តិការនៅក្នុងតំបន់អស់រយៈពេលជាង កន្លះខែកន្លងមកនេះ មានតែក្រុមហ៊ុនចំនួន ១០ ដែលមានបុគ្គលិកជាង ៤០០០នាក់ បានទទួលសិទ្ធិបន្តប្រតិបត្តិការឡើងវិញ ហើយក្រុមហ៊ុនដទៃទៀត កំពុងដាក់ពាក្យស្នើសុំ និងទទួលបានសិទ្ធិជាបន្តបន្ទាប់។


ប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តបាកាង បានលើកឡើងថា ការផ្អាកដំណើរការផលិតកម្មនៅក្នុងតំបន់ធំៗ និងតំបន់តូចៗជាច្រើន ដោយសារតែកូវីដ បានធ្វើឲ្យ ផលិតកម្មឧស្សាហកម្មរបស់ខេត្តបាកាង ធ្លាក់ចុះជាង ៣៣% នៅក្នុងខែឧសភាកន្លងទៅនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


លើសពីនេះទៅទៀត មានសហគ្រាសជាង ១២៧កន្លែង បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មតែម្តង ដែលធ្វើឲ្យកម្មការជាង ២ម៉ឺននាក់បាត់បង់ការងារផងដែរ។
បញ្ហាប្រឈមដ៏ធំមួយទៀត គឺការដឹកជញ្ជូនទំនិញចេញ-ចូលតំបន់ឧស្សាហកម្ម ដោយអ្នកដឹកជញ្ជូន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ បន្ទាប់ពីបំពេញការងារ។

 


សូមជម្រាបដែរថា តាមការវាយតម្លៃរបស់រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា នៅក្នុងចំណោមសហគ្រាសជាង ៣១០កន្លែង ដែលបានដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញ គឺមានសហគ្រាសចំនួន ៤៩ មានហានិភ័យទាប, ៤០កន្លែង មានហានិភ័យកម្រិតមធ្យម និង ៦០កន្លែងទៀត មានហានិភ័យកម្រិតខ្ពស់ ហើយគិតមកដល់ថ្ងៃទី ៣១ ខែឧសភានេះ ការឆ្លងមេរោគកូវីដក្នុងតំបន់បាកាងមានជាង ២ពាន់ករណី៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024