ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

៧៩% នៃក្រុមហ៊ុនអឺរ៉ុបនៅក្នុងប្រទេសវៀតណាម ហ៊ានចំណាយប្រាក់ទិញវ៉ាក់សាំងកូវីដ១៩

០១ មិថុនា ២០២១ | សេដ្ឋកិច្ច

៧៩% នៃក្រុមហ៊ុនអឺរ៉ុប ដែលកំពុងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសវៀតណាម ហ៊ានចំណាយប្រាក់ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនបុគ្គលិករបស់ពួកគេ និងស្នើសុំការបន្ធូរបន្ថយលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក ដើម្បីចូលរួមជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិវៀតណាម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។


ផ្នែកតាមការសិក្សាដោយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម បានបញ្ជាក់ថា សមាជិករបស់ខ្លួន ដែលជាក្រុមហ៊ុនអឺរ៉ុប ប្រកបរបរនៅក្នុងប្រទេសវៀតណាម បានស្នើដល់រដ្ឋាភិបាលវៀតណាម ដើម្បីជម្រុញកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យបានឆាប់រហ័ស ដោយអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនចូលរួមក្នុងកម្មវិធីនេះដែរ។


លើសពីនេះ ពួកគេ ក៏ស្នើសុំដល់ រដ្ឋាភិបាលវៀតណាម ឲ្យបន្ធូរបន្ថយដល់ លក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់វិនិយោគិន និងអ្នកជំនាញ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចទៅហើយនោះ។


ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម បានលើកឡើងដែរថា ពិភពលោកពិតជាបានទទួលស្គាល់ វៀតណាម ថាជាប្រទេសដែលឈានមុខគេក្នុងការការពារមេរោគកូវីដ១៩ ដោយមានវិធានការយ៉ាងតឹងរ៉ឹងនៅតាមច្រកព្រំដែន វិធានការចត្តាឡីស័ក និងកំណត់តំបន់បិទខ្ទប់ជាដើម តែយ៉ាងណា វាមិនមែនជាដំណោះស្រាយអចិន្រ្តៃយ៍មួយដែលត្រូវប្រើប្រាស់រយៈពេលយូរនោះទេ ព្រោះអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ។

 


លើសពីនេះ បើសិនជាវៀតណាម ពុំបានជម្រុញកម្មវិធីចាក់វ៉ាក់សាំងឲ្យបានទូលំទូលាយ និងឆាប់រហ័សនោះទេ សេដ្ឋកិច្ចវៀតណាម អាចនឹងថមថយល្បឿន។ ជាចុងក្រោយ ក្រុមហ៊ុនអឺរ៉ុប ក៏សម្តែងនូវការគាំទ្រចំពោះគោលដៅចាក់វ៉ាក់សាំងដល់ ប្រជាពលរដ្ឋ ឲ្យបាន ៧៥% របស់ប្រទេសវៀតណាម ហើយក៏រំពឹងដែរថា វានឹងអាចស្រោចស្រង់ដល់ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិរបស់វៀតណាម ជាពិសេសគឺកំណើនសេដ្ឋកិច្ចជាតិ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024