ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលរកឃើញអ្នកជម្ងឺកូវីដ-១៩ថ្មី ត្រូវពង្រឹងវិធានការបន្ថែម ដើម្បីទប់ស្កាត់ការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត

២៨ ឧសភា ២០២១ | ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលក្នុងមូលដ្ឋាន មានតំបន់បិទខ្ទប់ ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយ ទៅតំបន់មួយទៀត។ ក្នុងនោះ អាជ្ញាធរខណ្ឌ ត្រូវបន្តវិធានការ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួន ដែលជាតំបន់មានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 
 


ក្នុងកិច្ចប្រជុំតាមរយៈ Video Conference  ដើម្បីត្រួតពិនិត្យការងារមូលដ្ឋានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌកំពុងផ្ទុះឡើងជាថ្មី នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ទាំងបីត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ជាពិសេសត្រូវបន្តវិធានការ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់មួយចំនួនដែល ជាតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

 


ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ មានរយៈពេលជាង ៣ខែហើយ រាជធានីភ្នំពេញក៏មានបទពិសោធន៍ច្រើនហើយដែរ ក្នុងការបង្ការនិងទប់ស្កាត់កុំឱ្យរីករាលដាលយ៉ាងមានប្រសិទ្ធភាព។ អាជ្ញាធរខណ្ឌទាំង៣ត្រូវពិនិត្យ តាមដាន និងមានចំណាត់ការឲ្យបានច្បាស់លាស់ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ឬក្រសួងសុខាភិបាលភ្លាមៗ ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីទីតាំងមួយទៅទីតាំងមួយទៀត ។

 


ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានគូសបញ្ជាក់ថា ទីតាំងតំបន់រឿងទុំ ដែលកំពុងបិទខ្ទប់ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនអោយមានការចេញ ចូលនោះទេ ហើយចំពោះស្បៀងអាហារហូបចុក ក៏ត្រូវតែមានគ្រប់គ្រាន់ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនៅតំបន់ទាំងនោះ។ 

 


គួរបញ្ជាក់ថា រាជធានីភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ហាក់បីមានភាពធូរស្បើយបន្តិច អាជ្ញាធរក៏ប្រកាសគ្មានតំបន់ក្រហម  គឺមានតែតំបន់លឿងទុំមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ ប្ញស្សីកែវ ខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែគំរាមកំហែងនៅឡើយនោះទេ គ្រូពេទ្យនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ស្របក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបានមុតមាំបំផុតផងដែរ ៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024