ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

មន្ត្រីក្រសួងអប់រំព្រមានថា នឹងមានវិធានការជាក់ស្តែង ចំពោះសាលារៀនឯកជនណា ដែលបើកទ្វារបង្រៀនសិស្សនៅគ្រានេះ

២៥ ឧសភា ២០២០ | ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់PNN នៅថ្ងៃទី ២៥ ឧសភា នេះថា ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់អនុញ្ញាតអោយសាលារៀនបើកទ្វារនៅពេលនេះទេ មន្ត្រីក្រសួងនឹងចុះទៅពិនិត្យលើទីតាំងសាលារៀនឯកជនណា ដែលល្មើសនិងបំរាមរបស់ក្រសួងងប់រំ យុវជន និងកីឡានិងមានវិធានការជាក់ស្តែង ។


ការលើកឡើងខាងលើនេះគឺបន្ទាប់ពីមានសេចក្តីរាយការណ៏មកថា មានសាលារៀនឯកជនមួយបានបើកទ្វារបង្រៀនសិស្សមុនការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។

 


សូមជម្រាបថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងនឹងពិចារណាបើកសាលារៀនឡើងវិញ នៅថ្ងៃទី ០១ ខែវិច្ឆកា ឆ្នាំ ២០២០ ខាងមុខនេះ ប្រសិនបើមិនមានការរីករាលដាលជំងឺកូវីដ-១៩ ខណៈក្រសួងអាចនឹងបើកឱ្យចូលរៀនមុនគេ ចំពោះសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីត្រៀមប្រឡង។

 


ឯកឧត្ដមបណ្ឌិតសភាចារ្យបានណែនាំថា ចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២០ លោកគ្រូ-អ្នកគ្រូ ត្រូវបន្ដបង្រៀនសិស្សានុសិស្សលក្ខណៈទ្រង់ទ្រាយតូច មិនលើសពី១០នាក់ ជាពិសេសលោកគ្រូ-អ្នកគ្រូ ត្រូវបន្ដជួយបង្រៀនសិស្សានុសិស្សថ្នាក់ទី ៩ និងថ្នាក់ទី​ ១២ ដើម្បីឱ្យពួកគាត់ត្រៀមប្រឡង ហើយក្រសួងនឹងវាយតម្លៃថា តើត្រូវរៀនប៉ុន្មានខែទៀត ទើបសិស្សអាចប្រឡងបាន។


ឯកឧត្ដមរដ្ឋមន្ដ្រីបន្ដថា គ្រប់សាលារៀនទាំងអស់ មិនអាចបង្រៀនដូចមុនឡើយ ក្នុង ១ថ្នាក់អាចចែកចេញជា ២ ហើយក៏បែងចែកកាលវិភាគឡើងវិញផងដែរ ជាពិសេសឱ្យសិស្សនុសិស្ស ត្រូវរក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024