ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អង្គការ​សុខភាព​ពិភពលោក​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ក្រោយ​ការ​រក​ឃើញ​មេរោគ​ខូវីដ​១៩​បម្លែង​ខ្លួន​ថ្មី​នៅ​ប្រទេស​ឥណ្ឌា​ បាន​ឆ្លង​រាលដាល​ទៅ​ដល់​ប្រទេស​ចំនួន​៤៤​នៅ​លើ​ពិភពលោក​

 

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​គេ​រក​ឃើញ​វត្ត​មាន​មេរោគ​ខូវីដ​១៩​បម្លែង​ខ្លួន​ថ្មីដែល​មាន​ប្រភព​នៅ​ប្រទេស​ឥណ្ឌា​ ចាប់​ផ្ដើម​ឆ្លង​​រាល​ដាល​ទៅ​ដល់​ប្រទេស​ចំនួន​៤៤​។ មេរោគ​ប្រភេទ​ប៊ី​១៦១៧ (B.1.617) កើត​ឡើង​ដំបូង​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២០​ ​ត្រូវ​​រក​ឃើញ​នៅ​ក្នុង​​​សំណាក​ជាង​៤៥០០​ ដែល​បង្ហោះ​នៅ​លើ​ទិន្នន័យ​​របស់​ប្រទេស​ទាំងនោះ។

 

 

 

 

 

អង្គការ​សុខភាព​ពិភពលោក​​ប្រកាស​ថា​គេ​ទើប​តែ​រក​ឃើញ​វត្ត​មាន​នៃ​មេរោគ​បម្លែង​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​នោះ បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ចំនួន​៥​បន្ថែម​ទៀត​​​។ ​WHO នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​របាយការណ៍​របស់​ខ្លួន​ជា​រៀង​រាល់សប្ដាហ៍​។ ​

 

 

ក្រៅពី​​ប្រទេស​ឥណ្ឌា គេ​រក​ឃើញ​ថា​មេរោគ​បម្លែង​ខ្លួន​ដែល​មាន​ប្រភព​នៅ​ប្រទេស​អង់គ្លេស បាន​​បង្ក​ការ​ឆ្លង​រាត​ត្បាត​ខ្លាំង​ជាង​គេ​​។​ ប៉ុន្តែ​​​​មេរោគ​សន្ដាន​ប៊ី​១៦១៧​នៅ​ប្រទេស​ឥណ្ឌា​ ជា​អ្វី​ដែល​WHO​ចាត់​ទុក​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​កម្រិត​ពិភពលោក​​​។ រហូត​មក​ដល់​ពេល​នេះ, ​មេរោគ​ខូវីដ​១៩​បាន​បម្លែង​ខ្លួន​ថ្មីៗ​ចំនួន​បួន​ប្រភេទ​​នៅ​អង់គ្លេស ប្រេស៊ីល ​អាហ្វ្រិក​ខាង​ត្បូង​ និង​ឥណ្ឌា​។

 

 

 

 

 

មេរោគ​ទាំង​នេះ​បង្ក​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ព្រោះ​ពួក​វា​មាន​លក្ខណៈ​កាច​សាហាវ​ ​ឆ្លង​រាលដាល​ឆាប់​រហ័ស ​​​​បណ្ដាល​ឲ្យ​មាន​អត្រា​មរណភាព​ខ្ពស់ ហើយ​អាច​ទប់​ទល់​​នឹង​វ៉ាក់សាំង​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​។​

 

 

WHO សន្និដ្ឋាន​ថា​​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​រងគ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​ខូវីដ​១៩ ព្រោះ​ប្រទេស​នេះ​មាន​​មេរោគ​ខូវីដ​១៩​ច្រើន​ប្រភេទ​រស់​នៅ​​ឡូក​ឡំ​គ្នា​​ជា​មួយ​សន្ដាន​មេរោគ​ប៊ី​១៦១៧​​។ នៅ​ទីក្រុង​ធំៗ​ទូទាំង​ប្រទេស​ឥណ្ឌា ​ការ​​ខ្វះ​ខាត​​អុក​ស៊ីហ្សែន និង​គ្រែ​គេង​ ជា​បញ្ហា​​ធំ​បំផុត​៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024