ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Dua Lipa និង Taylor Swift ឈ្នះពានធំក្នុងកម្មវិធីពានរង្វាន់ BRIT Awards

១២ ឧសភា ២០២១ | កម្សាន្ដ

តារាចម្រៀង Dua Lipa និង Taylor Swift បានឈ្នះពានធំក្នុងកម្មវិធីពានរង្វាន់ BRIT Awards ឆ្នាំ២០២១ ខណៈកម្មវិធីនេះគឺជាព្រឹត្តិការណ៍តន្ត្រីធំដំបូងដែលមានអ្នកទស្សនាផ្ទាល់រហូតដល់ ៤០០០នាក់ សម្រាប់ទីក្រុងឡុងដ៍ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

 


កម្មវិធី BRIT Awards ដែលជាវេទិកាពានរង្វាន់ផ្នែកតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់អង់គ្លេសត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋាន O2 ស្របពេលប្រទេសនេះកំពុងដកចេញនូវវិធានការបិទខ្ទប់ដោយសារជំងឺកូវីដ១៩។

 


មានអ្នកចូលរួម និងទស្សនាផ្ទាល់ជាង ៤០០០នាក់ កម្មវិធីដែលប្រព្រឹត្តទៅកាលពីយប់ថ្ងៃអង្គារនេះក៏ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវរបស់រដ្ឋាភិបាលអង់គ្លេសដែលមានគោលបំណងសាកល្បងថាតើព្រឹត្តិការណ៍ធំៗ នឹងអាចបន្តប្រារព្ធឡើងនៅក្នុងបរិយាកាសបិទជិត និងមិនរក្សាគម្លាតសង្គមបានដែរឬទេ។

 


សម្រាប់ឆ្នាំនេះ តារាចម្រៀងអង់គ្លេស Dua Lipa បានក្លាយជាម្ចាស់ជយលាភីធំជាងគេ ដោយបានឈ្នះពានរង្វាន់ចំនួនពីរគឺសិល្បករទោលផ្នែកនារី និងពានរង្វាន់អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ ខណៈដែលតារាចម្រៀងអាមេរិក Taylor Swift បានក្លាយជាសិល្បករស្រីដំបូងគេដែលបានឈ្នះពានរង្វាន់តារាសាកល Global Icon។

 


តារាចម្រៀង Harry Styles បានឈ្នះបទចម្រៀងប្រចាំឆ្នាំសម្រាប់បទ "Watermelon Sugar" ខណៈដែលក្រុម Little Mix ក្លាយជាក្រុមចម្រៀងនារីដំបូងក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់ក្រុមចម្រៀងប៉ុបអង់គ្លេសប្រចាំឆ្នាំ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024