ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

 លីវ ជីលី ទទួលបានការងារថ្មីភ្លាម ក្រោយចប់ធ្វើចត្ថាឡីស័ក្ត

១២ ឧសភា ២០២១ | កម្សាន្ដ

ពេលនេះកញ្ញា លីវ ជីលី អាចចេញក្រៅបំពេញការងារផ្សេងៗបានហើយ បន្ទាប់ពីធ្វើចត្ថាឡីស័ក្តនៅផ្ទះអស់រយៈពេល ១៤ ថ្ងៃ ក្រោយចប់បេសកកម្មលើឆាកអន្តរជាតិដ៏ជោគជ័យរបស់ខ្លួន។  Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ចាប់ផ្តើមទទួលការងារសិល្បៈជាបណ្តើរៗហើយ ក្រោយពី ធ្វើចត្ថាឡីស័ក្តរយៈពេល ១៤ ថ្ងៃ ដើម្បីឱ្យប្រាកដថា នាងគ្មានជំងឺ កូវីដ ១៩ បន្ទាប់ពីកញ្ញាបានបញ្ចប់បេសកកម្មលើឆាកអន្តរជាតិប្រកបដោយជោគជ័យកាលពីពេលថ្មីៗ ។ 

 


វត្តមានកញ្ញា លីវ ជីលី ក្នុងពេលនេះ កាន់តែធ្វើទស្សនិកជនជាច្រើនកាន់តែចាប់អារម្មណ៍ ដោយសារតែរូបសម្រស់នាងកាន់តែស្រស់ស្អាតប្លែក ជាងពេលនាងចេញទៅប្រកួតនៅប្រទេស ថៃ ជាក់ស្តែងនាងតែងតែបង្ហាញវិដេអូឡាយជារៀងរាល់ថ្ងៃ ដើម្បីជជែកកម្សាន្តជាមួយអ្នកគាំទ្រខ្លួន រួមជាមួយការបង្ហោះរូបភាពស្អាតៗ ទាក់ភ្នែក  អ្នកទស្សនា ។

 

 

ជាមួយនិងភាពប្រែប្រួលនេះមានទស្សនិកជនជាច្រើននិយាយថា កញ្ញា លីវ ជីលី បានទៅកែសម្ផស្សបន្ថែមទៀត ដើម្បីធ្វើឱ្យខ្លួនកាន់តែស្រស់ស្អាតឡើង ។ ចំពោះរឿងនេះផងដែរ កញ្ញា លីវ ជីលី បានបញ្ជាក់ប្រាប់ថា នាងមិនបានទៅហាងកែសម្ផស្សដូចអ្វីដែលទស្សនិកជនគិតនោះទេ នាងប្រែប្រួលបែបនេះគឺដោយសារតែការតុបតែងខ្លួន និងការផាត់មុខ តែប៉ុណ្ណោះ ម្យ៉ាងវិញទៀតនាងទើបតែចប់ពីការធ្វើចត្តាឡីស័ក្តនៅផ្ទះរយៈ ១៤ ថ្ងៃ  មានពេលឯណាទៅវះកាត់កែសម្ផស្ស ។ 

 


ស្របពេលកញ្ញា លីវ ជីលី ចប់ពីការធ្វើចត្តាឡីស័ក្តរយៈពេល ១៤ ថ្ងៃ ពេលនេះនាងបានប្រកាសទទួល ការងារក្នុងសិល្បៈឡើងវិញហើយ ដោយថ្មីៗនេះមានបណ្តាក្រុមហ៊ុនមួយចំនួនបានទាក់ទងនាងថត ផ្សាយពាណិជ្ជកម្មនានា ។  

 

 

កញ្ញា លីវ ជីលី បានឱ្យដឹងថា ការងារអ្វីក៏នាងទទួលធ្វើដែរ តែសម្រាប់ការងារដំបូងនេះ នាងទើបតែទទួលថតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនចំនួន និង ថតសំអាងការជាដើម ក្រៅពីនេះក៏មានផលិតកម្មមួយបានទាក់ទងនាង ថត ភាពយន្ត និង ថត MV ។ 

 


កញ្ញា លីវ ជីលី នៅពុំទាន់ថាបង្ហាញពីស្នាដៃថ្មីដែលខ្លួនត្រៀមថតនៅឡើយទេ ដោយសារក្នុងដំណាក់កាលនេះ កំពុងចចារគ្នាពីរឿងតម្លៃខ្លួន តែទោះជាយ៉ាងណា លីវ ជីលី សង្ឃឹមថា អ្វីៗនឹងដំណើរការទៅមុខក្នុងពេលឆាប់ៗនេះ ៕  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024