ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រង្គោះរង្គើហូលីវូដក្រោយធ្លាយរឿងអាស្រូវពីក្រោយកម្មវិធីពានរង្វាន់ធំមួយ

១២ ឧសភា ២០២១ | កម្សាន្ដ

ប្រតិកម្មជុំវិញការរើសអើងពូជសាសន៍ និងភាពពុករលួយក្នុងកម្មវិធីពានរង្វាន់ភាពយន្ត Golden Globes ត្រូវបានគេមើលឃើញថាកំពុងមានផលប៉ះពាល់កាន់តែធំនៅក្នុងពិភពសិល្បៈហូលីវូដ។

 


បណ្តាញទូរទស្សន៍អាមេរិក NBC បានប្រកាសកាលពីថ្ងៃទី១០ ឧសភា ថាខ្លួននឹងមិនចាក់ផ្សាយកម្មវិធី Golden Globes ទៀតនោះទេ ស្របពេលតារាសម្ដែងរឿង “Mission Impossible” លោក Tom Cruise ក៏បានប្រគល់ពានរង្វាន់ដែលលោកទទួលបានកន្លងមកឲ្យទៅកម្មវិធីវិញទាំងអស់។ 

 


សូមបញ្ជាក់ថា កម្មវិធី Golden Globes គឺជាកម្មវិធីពានរង្វាន់ហូលីវូដដ៏ធំបន្ទាប់ពីកម្មវិធីអូស្កា និងត្រូវបានរៀបចំឡើងដោយសមាគមសារព័ត៌មានអន្តរជាតិហូលីវូត HFPA។

 

 

សមាគមមួយនេះនេះកំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់បន្ទាប់ពីលទ្ធផលស៊ើបអង្កេតចេញផ្សាយដោយកាសែត Los Angeles Times បានបង្ហាញថាសមាជិកអ្នកកាសែត ៨៧ នាក់ក្នុងសមាគមនោះគ្មានជនជាតិស្បែកខ្មៅសូម្បីម្នាក់ និងបានបង្ហាញពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុរបស់សមាគមមួយនេះ។ 

 


របាយការណ៍នេះបានបង្ហាញថាសមាជិកមួយចំនួនរបស HFPA បានបង្កើតឱ្យមានសុន្ទរកថារើសអើងភេទ និងប្រកាន់ពូជសាសន៍ ព្រមទាំងទទួលបានសំណូកពីតារាល្បី និងស្ទូឌីយោធំៗមួយចំនួនជាថ្នូរនឹងពានរង្វាន់។

 


ក្រុមហ៊ុនកម្សាន្តធំៗរួមមាន Netflix, Amazon Studios, WarnerMedia និងបណ្ដាផលិតកម្ម ហូលីវូដរាប់សិបក្រុមហ៊ុនទៀតបាននិយាយថាពួកគេនឹងមិនធ្វើការជាមួយសមាគម HFPA ទៀតទេ ដរាបណាពួកគេមិនមានការផ្លាស់ប្តូរឲ្យបានសមរម្យ ខណៈសិល្បករជាច្រើនដូចជា Scarlett Johansson និង Mark Ruffalo ក៏បានចូលរួមរិះគន់អំពីបញ្ហានេះដែរ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024