ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

Lady Gaga ចូលរួមជាមួយ Oprah Winfrey និងព្រះអង្គម្ចាស់ Harry បង្កើតកម្មវិធីសុខភាពផ្លូវចិត្ត

១១ ឧសភា ២០២១ | កម្សាន្ដ

ព្រះអង្គម្ចាស់អង់គ្លេស Harry និងពិធីការិនីល្បីអាមេរិក Oprah Winfrey នឹងចាប់ផ្ដើមចេញផ្សាយកម្មវិធីទូរទស្សន៍និយាយពីបញ្ហាសុខភាពផ្លូវចិត្តមួយនៅខែនេះ ដោយមានតារាចម្រៀង Lady Gaga និងតារាសម្ដែង Glenn Close ចូលរួមផងដែរ។

 


កម្មវិធីទូរទស្សន៍មានឈ្មោះថា "The Me You Can’t see" ដែលត្រូវបានសហការផលិតដោយព្រះអង្គម្ចាស់ Harry និងពិធីការិនី Oprah Winfrey នឹងចាក់ផ្សាយតាមរយៈសេវា Streaming Apple TV+ ចាប់ពីថ្ងៃទី ២១ ឧសភា តទៅ ដោយនឹងមានរឿងរ៉ាវពីភ្ញៀវកិត្តិយសល្បីៗ និងបុគ្គលផ្សេងៗទៀតទូទាំងពិភពលោកជុំវិញបញ្ហាសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍។

 


ពិធីការិនី Oprah បាននិយាយថាកម្មវិធីទូរទស្សន៍ដែលមានលក្ខណៈជាភាពយន្តឯកសារនេះមានគោលបំណងជំរុញឱ្យមានការសន្ទនាជាសកល និងលុបបំបាត់ការស្ដីបន្ទោសជុំវិញសុខភាពផ្លូវចិត្ត ជំនួសដោយការផ្ដល់ចំណេះដឹងនិងការអាណិតអាសូរវិញ។ តាមការប្រកាសរបស់ក្រុមហ៊ុន Apple ក្រៅពីវត្តមាន តារាចម្រៀង Lady Gaga និងតារាសម្ដែង Glenn Close កម្មវិធីនឹងមានការចូលរួមពីបុគ្គលល្បីនិងវាគ្មិនខុសៗជាច្រើនរូបទៀតសម្រាប់ភាគនីមួយៗ។

 


គួរបញ្ជាក់ថា កម្មវិធីនេះគឺជាជំហានដំបូងមួយនៃដំណើរផ្សងព្រេងរបស់ព្រះអង្គម្ចាស់ Harry ចាប់តាំងពីព្រះអង្គនិងមហេសីរបស់ទ្រង់ ព្រះនាង Meghan បានចុះចេញពីតំណែងក្នុងរាជវាំង ហើយបានផ្លាស់ទៅរដ្ឋកាលីហ្វ័រញ៉ាដើម្បីបង្កើតអាជីពឯករាជ្យថ្មី។

 

 

គូស្នេហ៍រាជវង្សមួយគូនេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតកម្មវិធីសម្រាប់ក្រុមហ៊ុន Netflix និងផលិតកម្មវិធីជាសំឡេង Podcasts សម្រាប់សេវា Spotify (ស្ប៉តធីហ្វាយ) ផងដែរ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024