ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

អ្នកគាំទ្រមានសុទិដ្ឋិនិយមខ្ពស់លើ រ៉េត សារីតា កំពុងប្រកួតប្រជែងនៅ សហរដ្ឋអាមេរិក 

១១ ឧសភា ២០២១ | កម្សាន្ដ


ខណៈកញ្ញា រ៉េត សារីតា ជាបេក្ខភាពតំណាងជាតិកម្ពុជា កំពុងចូលរួមក្នុងកម្មវិធីបវរកញ្ញាចក្កវាឡលើកទី៦៩ នៅសណ្ឋាគារ Seminole Hard Rock Hotel & Casino Hollywood ក្នុងទីក្រុង Hollywood រដ្ឋ Florida សហរដ្ឋអាមេរិក អ្នកគាំទ្រកម្ពុជាក៏មានសុទិដ្ឋិនិយមខ្ពស់ ស្របពេលសាម៉ីខ្លួនប្ដេជ្ញាបន្តតស៊ូមតិជួយដល់យុវជនខ្មែរ។

 


កញ្ញា រ៉េត សារីតា អាយុ ២៧ឆ្នាំ ជាបវរកញ្ញាចក្កវាឡតំណាងជាតិកម្ពុជាឆ្នាំ២០២០ ក្នុងការចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡលើកទី៦៩ ឬ Miss Universe 2020 ដែលកម្មវិធីនេះតែងតែរៀបចំឡើងរៀងរាល់ចុងឆ្នាំនិមូួយៗ ឬដើមឆ្នាំបន្ទាប់ ប៉ុន្តែដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ កម្មវិធីប្រកួតបវរកញ្ញាចក្កវាឡលើកទី៦៩ ប្រចាំឆ្នាំ ២០២០នេះ ត្រូវបានគេពន្យារពេលមកធ្វើក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២១ វិញ។ 

 


កញ្ញា រ៉េត សារីតា បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្កវាឡលើកទី៦៩ ឬ Miss Universe ២០២០ ដែលនឹងប្រារព្ធឡើងនៅថ្ងៃនៅថ្ងៃអាទិត្យទី ១៦ ខែឧសភា ឆ្នាំ២០២១ នៅសណ្ឋាគារ Seminole Hard Rock Hotel & Casino Hollywood ក្នុងទីក្រុង Hollywood រដ្ឋ Florida សហរដ្ឋអាមេរិក។

 


បវរកញ្ញាចក្កវាឡតំណាងជាតិកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានធ្វើឲ្យអ្នកគាំទ្រមានសុទិដ្ឋិនិយមខ្ពស់ចំពោះរូបនាងថា នឹងជាបវរកញ្ញាដែលអាចបើកទ្វារឲ្យប្រទេសកម្ពុជាឈានទៅលំដាប់កំពូលក្នុងប្រកួតប្រជែងសម្រស់ដ៏ធំមួយនេះ។ ក្តីរំពឹងខ្ពស់ក្រែលនាំឲ្យអ្នកគាំទ្រមានភាពជឿជាក់យ៉ាងដូច្នេះ ក្រោយពីមើលឃើញថា កញ្ញា រ៉េត សារីតា មានសមត្ថភាពខ្ពស់ទាំងផ្នែកភាសា ចំណេះដឹងទូទៅ ថែមទៀតមានសមត្ថភាពផ្នែកសិល្បៈជាច្រើនមុខផ្សេងទៀត។

 


ជាក់ស្តែង បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ បានបញ្ចប់ការសិក្សាចំណេះដឹងទូទៅពីសាលា Lycée Français René Descartes (LFRD) និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រនៅវិទ្យាស្ថានវ៉ាន់ដា និងសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រៅពីភាសាខ្មែរ កញ្ញា រ៉េត សារីតា ចេះភាសាថៃ អង់គ្លេស និងបារាំងយ៉ាងស្ទាត់ជំនាញ។


បច្ចុប្បន្ន កញ្ញាមានអាជីពជាតួសម្តែង ជាពិធិការនី និងអ្នកដឹកនាំការផលិតមាតិកាផ្សេងៗ ក្នុងនោះកញ្ញាមានបទពិសោធន៍ក្នុងភាពយន្តខ្នាតធំ ស្ពតពាណិជ្ជកម្ម និងវីដេអូអប់រំសុខភាពបន្តពូជ ក្នុងកម្មវិធីស្នេហ៍៩ របស់ស្ថាប័ន BBC Media Action ថែមទៀតផង។


ការចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្កវាឡមិនមែនជារឿងចៃដន្យសម្រាប់ កញ្ញា រ៉េត សារីតា ដោយកញ្ញាបានត្រៀមខ្លួនមករយៈពេលប្រមាណ២ឆ្នាំហើយ ក្រោយពីកញ្ញាមើលឃើញសក្ដានុពលរបស់វេទិកានេះ ដែលជាវេទិកាអាចផ្ដល់ឱកាសឲ្យស្ត្រីទាំងអស់រួមទាំងនាងផ្ទាល់ឲ្យប្រើប្រាស់សំឡេងខ្លួនឯងក្នុងការឈានដល់ចំណុចមួយ និងអាចលើកទឹកចិត្តអ្នកផ្សេងៗទៀតដែលគាត់អត់ហ៊ាន គាត់ខ្វះភាពក្លាហាន។


Miss Universe Cambodia 2020 ដាក់ចិត្តថា បើសិនជាទទួលបានជ័យលាភីតំណាងឲ្យប្រទេសកម្ពុជាឈរលើឆាកអន្តរជាតិ វាជាកិត្តិយសមួយធំធេងខ្លាំងមែនទែន ពីព្រោះវេទិកាហ្នឹងជាវេទិកាមួយដែលមានឥទ្ធិពលខ្លាំង ហើយវាជាឱកាសមួយដែលយើងអាចផ្សព្វផ្សាយប្រទេសកម្ពុជាយើង ផ្សព្វផ្សាយអ្វីៗផ្សេងៗទៀតដែលយើងចង់ផ្សព្វផ្សាយលើវេទិកាមួយនេះ។


កញ្ញា រ៉េត សារីតា អាយុ ២៧ឆ្នាំ មានកម្ពស់ ១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ និងទម្ងន់ ៤៨ គីឡូក្រាម សក់ខ្មៅក្រិបវែងអន្លាយត្រឹមចង្កេះ ចិញ្ចើមកោងខ្វង់ កែវភ្នែកទាំងគូពណ៌ត្នោត កំពុងនាំយកទង់ជាតិប្រទេសកម្ពុជាទៅបង្ហាញលើកឆាកអន្តរជាតិ។ មិនត្រឹមអ្នកគាំទ្រក្នុងស្រុកមានក្តីរំពឹង និងសុទិដ្ឋនិយមខ្ពស់ចំពោះរូបនាងទេ កន្លងមកសូម្បីតែអ្នកគាំទ្រការប្រកួតបវរកញ្ញានៅក្រៅប្រទេសក៏មើលឃើញពីសមត្ថភាព ភាពអង់អាច រហូតលើកឡើងជាការទស្សន៍ទាយថា បេក្ខភាពតំណាងជាតិកម្ពុជាឆ្នាំនេះ អាចនឹងឈានដល់ដំណាក់កាលមួយដែលកន្លងទៅមិនធ្លាប់មានបវរកញ្ញាចក្កវាឡកម្ពុជារូបណាធ្លាប់ធ្វើបានឡើយ។


នេះជាលើកទីបួនហើយដែលមានតំណាងពីប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្កវាឡ ដោយកញ្ញា ប៊ី សុធារី ជាបវរកញ្ញាចក្កវាឡដំបូងបំផុតតំណាងកម្ពុជាចូលរួមប្រកួតក្នុងឆ្នាំ ២០១៦ កញ្ញា រឿន ណាត តំណាងកម្ពុជាឆ្នាំ ២០១៧ និងកញ្ញា សំណាង អេលីណា តំណាងកម្ពុជាឆ្នាំ២០១៩។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024