ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ការជួញដូរនៅផ្សារហ៊ុន បន្តមានសន្ទុះខ្លាំង បើទោះជាកម្ពុជា ជួបវិបត្តិកូវីដ១៩

១១ ឧសភា ២០២១ | សេដ្ឋកិច្ច

ក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា បានឲ្យដឹងថា សកម្មភាពជួញដូរក្នុងទីផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងកំឡុងពេលនៃការបិទខ្ទប់ ជាមួយនឹងកំណើនទំហំជួញដូរ និងបរិមាណជួញដូរជាមធ្យមប្រចាំថ្ងៃ ប្រមាណ ១៣% និង ១៩% រៀងគ្នា ហើយក៏រំពឹងផងដែរថា ក្នុងពេលឆាប់ៗខាងមុខទីផ្សារនេះ នឹងល្អប្រសើរខ្លាំង ដូចទៅនឹងទីផ្សារភាគហ៊ុនអន្តរជាតិដែរ។

 

 

ឯកឧត្តម ហុង សុខហួរ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងសកម្មភាពជួញដូរនៅក្នុងទីផ្សារភាគហ៊ុនកម្ពុជា ក្នុងអំឡុងពេលនេះ ដោយសារតែការចាប់អារម្មណ៍នៃសាធារណៈជនមានចំនួនកើនឡើងខ្ពស់ជាងមុន ហើយជាពិសេសនៅក្នុងអំឡុងពេលនៃការបិទខ្ទប់គឺសារធារណៈជនអាចមានពេលវេលាច្រើនជាងមុន ស្របពេលដែលថ្លៃភាគហ៊ុនមួយចំនួនមានការប្រែប្រួលធ្លាក់ចុះផងនោះ។

 


ឯកឧត្តម ហុង សុខហួរ បានគូសបញ្ជាក់ឲ្យដឹងទៀតថា ក្នុងអំឡុងពេលមុនមានបិទខ្ទប់ ការជួញដូរក្នុងមួយថ្ងៃជាមធ្យម ជាង ១០ម៉ឺនដុល្លារ ធៀបនឹងក្នុងអំឡុងពេលបិទខ្ទប់វិញការជួញដូរមានការកើនឡើងជិត២០ ភាគរយ។

 


សូមជម្រាបថា បច្ចុប្បន្នមានចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៧ស្ថាប័ន ដែលប្រមូលដើមទុនបានប្រមាណ ១០១លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៦ស្ថាប័ន និងប្រមូលដើមទុនបាន ១៤៣លានដុល្លារអាមេរិកពី ទីផ្សារមូលបត្រនៅកម្ពុជា៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024