ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឌួង ហ្សូរីដា ​រំភើបខ្លាំង​ដែល​បាន​ធ្វើ​ការ​ ជាមួយ​តារា​ថៃ​ល្បី​ឈ្មោះ​

០៨ ​វិច្ឆិកា ២០១៦ | កម្សាន្ដ

ក្នុង​កិច្ចសម្ភាស​ពិសេស​ជាមួយ ​ទូរទស្សន៍​ភីអិនអិន​ ពិធីការិនី​ឌួង ហ្សូរីដា​បាន​សម្តែង​អារម្មណ៍​រំភើប ​និង​មោទនភាព​ដែល​បាន​ក្លាយ​ជា ​ពិធីការិនី​ដំបូង​គេ​បង្អស់​ ក្នុង​ប្រទេស​ថៃ ថែម​ទាំង​បាន​ក្លាយ​ជា​ដៃ​គូ​ជាមួយ​តារា​សម្តែង​ និង​ជា​អ្នក​ដឹកនាំ​កម្មវិធី​ដ៏​ល្បី​របស់​ថៃ​ក្នុង​កម្មវិធី​ «រសជាតិ​ប្រចាំ​ផ្ទះ​បាយ​ Teapot»​​

 

 

​ឌួង ហ្សូរីដា​​ប្រាប់​ភីអិនអិន​ថា​ «​ខ្ញុំ​ពិត​ជា​មាន​សំណាង​ និង​មោទន​ភាព​ដែល​បាន​រួម​ការងារ​ជាមួយ​តារា​សម្តែង ​​អ្នក​ដឹក​នាំ​រឿង និង​ជា​អ្នក​ផលិត​កម្ម​វិធី​ដ៏​ល្បី​មួយ​រូប​នៅ​ប្រទេស​ថៃ​ គឺ​​លោក Kai Varayuth​ ទាំង​ដែល​ខ្ញុំ​ចេះ​ថៃ​មិន​សូវ​ច្បាស់ គឺ​ចេះ​ត្រឹម​តែ​អាច​ប្តូរ​បាយ​ញុំា​បាន​»។

 

ពិធីការិនី​សម្បូរ​វោហា​រូប​នេះ​បាន​បន្ថែម​ថា «កម្មវិធី "រសជាតិ​ប្រចាំ​ផ្ទះ​បាយTeapot”​ នឹង​មាន​អ្វី​ដែល​ប្លែក​ៗ​រៀងរាល់​សប្តាហ៍​សម្រាប់​ទស្សនិកជន​ ព្រម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ទៀត​ផង​ ជា​ពិសេស​គឺ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ អរិយធម៌​គ្នា​ទៅ​វិញ​ទៅ​មក ​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​ម្ហូប។​ យើង​យក​ម្ហូប​ខ្មែរ​យើង​ទៅ​បង្ហាញ​ជន​ជាតិ​ថៃ​ឱ្យ​បាន​ស្គាល់​ ហើយ​គេ​ក៏​យក​ម្ហូប​គេ​បង្ហាញ​ជូន​ជន​ជាតិ​ខ្មែរ​យើង​ឱ្យ​បាន​ស្គាល់​ដូច​គ្នា។»

 

 

សូម​បញ្ជាក់​ថា​កម្មវិធី​ «រសជាតិ​ប្រចាំ​ផ្ទះ​បាយ​ Teapot»​ ជា​កម្មវិធី​ថ្មី​សន្លាង​មួយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ភីអិន​អិន សហការ​ផលិត​ជាមួយ​ក្រុម​ការងារ​​ប្រទេស​ថៃ ​និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ទឹក​ដោះ​គោ​ម៉ាក​ Teapot ​ពី​ក្រុមហ៊ុន​ F&N​។ កម្មវិធី​នេះ​នឹង​បង្ហាញ​ជូន​មុខ​ម្ហូប​បែប​ខ្មែរ​និង​ថៃ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី​ៗ​នៃ​ប្រទេស​ថៃ​រៀងរាល់​សប្តាហ៍​ទៀត​ផង​។   ​ចង់​ដឹង​ថា តើ​កម្មវិធី​នេះ​​មាន​តារា​ថៃ​ល្បី​ៗ​ណា​ខ្លះ​ចូល​រួម?​ មាន​មុខ​ម្ហូប​អ្វី​ប្លែក​ចែក​ជូន​ដល់​ទស្សនិក​ជន​​​ សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​កម្មវិធី «រសជាតិ​ប្រចាំ​ផ្ទះ​បាយ​ Teapot» នឹង​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី​១២​ ​វិច្ឆិកា ​២០១៦ រៀងរាល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង​៧:០០-៧:៣០​យប់៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024