ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អង្គការសុខភាពពិភពលោក បញ្ជាក់អំពី សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm

១១ ឧសភា ២០២១ | សេដ្ឋកិច្ច

នៅដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោក បានសម្រេចបញ្ជាក់អំពី សុវត្ថិភាព ប្រសិទ្ធភាព និងការអនុវត្តផលិតកម្មបានយ៉ាងល្អរបស់ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះថា Sinopharm ដែលជាវ៉ាក់សាំងរបស់ប្រទេសចិន ហើយការបញ្ជាក់នេះ ផ្អែកទៅលើទិន្នន័យផ្សេងៗ និងការត្រួតពិនិត្យនៅនឹងកន្លែងតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

នៅក្នុងសន្និសីទសារព័ត៌មានរៀបចំឡើងដោយ អង្គការសុខភាពពិភពលោក លោកស្រី ម៉ារា អេនជេលឡា ជំនួយការអគ្គនាយកផ្នែកការទទួលបានផលិតផលសម្រាប់សុខភាព បានលើកឡើងថា ទិន្នន័យបែបវេជ្ជសាស្រ្តរបស់វ៉ាក់សាំង Sinopharm ត្រូវបានគេវាយតម្លៃរួចរាល់ហើយ ហើយវា សបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងនេះ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព។


កាលពីដើមខែឧសភា ឆ្នាំ ២០២១នេះ វ៉ាក់សាំង Sinopharm បានជាប់នៅក្នុងបញ្ជីការដាក់ឲ្យប្រើប្រាស់បន្ទាន់របស់ អង្គការសុខភាពពិភពលោក បន្ទាប់ពីត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយ ក្រុមប្រឹក្សាបច្ចេកទេសខាងក្រៅ ទៅលើទិន្នន័យផ្សេងៗ និងការត្រួតពិនិត្យនៅទីតាំងផ្ទាល់កាលពីខែមករា និងខែកុម្ភៈ។


លោកស្រី ម៉ារា អេនជេលឡា បញ្ជាក់ថា ការអនុវត្តផលិតកម្មរបស់វ៉ាក់សាំង Sinopharm គឺល្អ និងអនុលោមទៅតាមការកំណត់របស់ អង្គការសុខភាពពិភពលោក ហើយទិន្នន័យវេជ្ជសាស្រ្តក៏បានបង្ហាញអំពី ប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះដែរ។


សូមរម្លឹកដែរថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមហ៊ុន China National Pharmaceutical Group ដែលផលិតវ៉ាក់សាំង Sinopharm ប្រឆាំងនឹងមេរោគកូវីដ១៩ បានអះអាងថា បើតាមសមត្ថភាពរបស់ក្រុមហ៊ុន គឺអាចផលិត បានដល់ទៅ ១ពាន់លានដូស ក្នុងឆ្នាំ ២០២១នេះ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024