ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សំណើសុំវិនិយោគនៅក្នុងប្រទេសថៃ កើនឡើង ៨០% នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១

១១ ឧសភា ២០២១ | សេដ្ឋកិច្ច


នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១នេះ សំណើសុំការវិនិយោគចូលមកកាន់ប្រទេសថៃ សម្រេចបានជាង ៣ពាន់ ៩រយលានដុល្លារអាមេរិក មានកំណើន ៨០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងសំណើនេះ គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស កើនឡើងដល់ទៅ ទ្វេដង។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មានក្នុងស្រុកថៃ។

 


អគ្គលេខាធិការគណៈកម្មាធិការវិនិយោគថៃ បានលើកឡើងថា ក្រៅពីបញ្ហាជម្ងឺកូវីដ១៩ វិនិយោគិន បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើ ការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា វិស័យសុខាភិបាល និងប្រព័ន្ធឌីជីថល គួបផ្សំនឹងការផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្មចេញពីប្រទេសចិន ចូលមកតំបន់អាស៊ាន បានធ្វើឲ្យ កំណើននៃការវិនិយោគនៅក្នុងប្រទេសថៃ កើនឡើងគួរឲ្យកត់សម្គាល់។


គណៈកម្មាធិការវិនិយោគថៃ បានបញ្ជាក់ឲ្យដឹងថា គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស មានទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុងពេលចាប់ពីខែមករា ដល់ខែមីនានេះ កើនឡើង ១៤៣% ធៀបនឹង ៣ខែដំបូង ដើមឆ្នាំ ២០២០។


ក្នុងនោះ ប្រទេសកូរ៉េខាងត្បូង ប្រទេសចិន និងប្រទេសសិង្ហបុរី ស្ថិតនៅលំដាប់កំពូលទាំង ៣ ដែលការដាក់ពាក្យស្នើសុំវិនិយោគ ហើយវិស័យសុខាភិបាល ជាវិស័យមួយដែលទទួលបានភាពទាក់ទាញជាងគេ មានការដាក់ពាក្យស្នើសុំដល់ទៅ ២៩គម្រោង។ រីឯគម្រោងវិនិយោគសរុបនៅក្នុង ច្រករបៀងសេដ្ឋកិច្ចខាងកើត មានជាង ២ពាន់លានដុល្លារអាមេរិក បានកើនឡើង ៣៩%។

 

សូមជម្រាបដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ ការដាក់ពាក្យស្នើសុំវិនិយោគទាំងក្នុងស្រុក និងមកពីក្រៅប្រទេស មានជាង ១៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៣០% ហើយក្នុងនោះ ការស្នើសុំវិនិយោគរបស់បរទេស មានជាង ៦ពាន់ ៨រយលានដុល្លារអាមេរិក ធ្លាក់ចុះ ៥៤% ព្រោះក្រុមហ៊ុនបរទេសទាំងអស់នោះ បារម្ភពីបញ្ហាការរីករាលដាលនៃមេរោគកូវីដ១៩៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024