ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ផ្លូវក្រវាត់ក្រុងទី៣ នៅតែបន្តដំណើរការសាងសង់ទៅមុខ និងសម្រេចប្រមាណ ៥០ភាគរយហើយ

១១ ឧសភា ២០២១ | ព័ត៌មានជាតិ

ដំណើរការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅតែបន្តទៅមុខ បើទោះបីមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ។ អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹងថា មកដល់ពេលនេះ ផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូន ក្នុងក្រុង កាត់ភូមិឋាន កាត់វាលស្រែមួយខ្សែនេះ សម្រេចប្រមាណ ៥០ភាគរយហើយ បើមិនមានអ្វីប្រែប្រួល នឹងរួចរាល់នៅខែកញ្ញា ឆ្នាំ២០២២។

 


ផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូនក្នុងក្រុងកាត់ភូមិឋាន កាត់វាលស្រែ ផ្លូវក្រវាត់ក្រុងទី៣ សម្រេចប្រមាណ ៥០%ហើយ។ បើមិនមានអ្វីប្រែប្រួល នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នឹងបញ្ចប់ការសាងសង់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែឧសភា។

 


លោកបានអះអាងថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ។ ទាំងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។

 


សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ១នេះ មានប្រវែងជិត ៥៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែងជាង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍ និងផ្លូវខ្នែងប្រវែងជាង ៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។

 


លោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅស្ពាន និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឲ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ។

 


អ្នកនាំពាក្យក្រសួងសាធារណការ បានបន្ថែមទៀតថា លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្ម តំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024