ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឧស្សាហកម្មផលិតកែច្នៃក្នុងស្រុក សាទរចំពោះការបញ្ចុះតម្លៃអគ្គិសនី ២៥% ពីរដ្ឋ

២២ ឧសភា ២០២០ | សេដ្ឋកិច្ច

លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានសម្តែង ក្តីរីករាយជា ខ្លាំងចំពោះ ការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃអគ្គីសនី ពេលនេះ ដោយចាត់ទុកថា វាគឺជាចំណាត់ការមួយដែលល្អ និងទាន់ពេលវេលា ដែលនឹងជួយដល់ឧស្សាហកម្មក្នុងស្រុកអាចកាត់បន្ថយថ្លៃដើមផលិតបានមួយកម្រិតធំ និងងាយស្រួលក្នុងការប្រកួតប្រជែង និងមួយផ្នែកទៀត គឺជាឱកាសមួយដែលអាចទាក់ទាញការវិនិយោគបានច្រើនជាងមុន។

 

លោកស្រីបញ្ជាក់ថា អ្វីដែលអ្នកវិនិយោគបារម្ភខ្លាំង និងចង់ដឹងមុនគេគឺថ្លៃអគ្គីសនី ថ្លៃទឹក និងកម្លាំងពលកម្មនេះឯង។

 

ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាក៏បានសាទរចំពោះការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះដែរ ដោយបានលើកឡើថា វាជារឿងមួយប្រសើរណាស់ ដែលរាជរដ្ឋាភិបាលបានគិតគូរពីបញ្ហាអគ្គិសនីនេះ ព្រោះការចំណាយប្រចាំខែលើថ្លៃអគ្គិសនី គឺជាបន្ទុកចំណាយមួយធំគួរសមដែរ ចំពោះរោងចក្រសហគ្រាសនៅកម្ពុជា ខណៈដែលបច្ចុប្បន្នពួកគេក៏កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ផងនោះ។

 

 
លោកឧកញ៉ាបញ្ជាក់ថា នៅពេលដែលតម្លៃអគ្គីសនីចុះថ្លៃបែបនេះពិតណាស់នឹងធ្វើឲ្យឧស្សាហកម្មផលិតក្នុងស្រុកអាចប្រកួតប្រជែងនឹងឧស្សាហកម្មផលិតពីបរទេសបានយ៉ាងច្រើន ដែលទាំងអស់នេះនឹងជម្រុញឲ្យការផលិតក្នុងស្រុកកាន់តែខ្លាំងនិងច្រើនជាងមុន ដែលវាក៏នឹងចូលរួមចំណែកការបង់ពន្ធបានច្រើនជាងមុនផងដែរ។

 


យ៉ាងណាក៏ដោយចុះបើទោះបីជាមានការបញ្ចុះតម្លៃអគ្គីសនីនាពេលនេះក្តី ខាងឧស្សាហកម្មផលិតក្នុងស្រុក នៅតតែទទូចស្នើសុំកុំឲ្យមានករណីដាច់ចរន្តអគ្គីសនីញឹកញ៉ាប់ពេក និងបើអាចសូមកុំឲ្យមានការដាច់ចរន្តអគ្គីសនីតែម្តង ព្រោះការដែលដាច់ចរន្តអគ្គីសនីម្តងៗ ធ្វើឲ្យដំណើរការផលិតកម្មរាំងស្ទះមិនអាចផលិតបាន និងជាពិសេសគឺខូចផលិតផលកំពុងផលិត ខាតពេលវេលា និងកម្លាំងពលកម្មច្រើន។
សូមជម្រាបថា កាលពីថ្ងៃទី ១៩ ខែឧសភានេះ ក្រសួងរ៉ែ និងថាមពលបានប្រកាស ដាក់ឲ្យអនុវត្តនូវផែនការអនុគ្រោះនិងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី នៅក្នុងវិស័យសំខាន់ចំនួន៤របស់កម្ពុជា រួមមានវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដោយការអនុគ្រោះបញ្ចុះថ្លៃលើការប្រើប្រាស់អគ្គិសនីនេះ នឹងមានចាប់ពីខែមិថុនា ដល់ខែតុលាឆ្នាំ២០២០។

 


ក្នុងប្រកាសនោះ ក្រសួងរ៉ែ និងថាមពល ក៏នឹងកាត់បន្ថយថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចំលងមេរោគកូវីដ-១៩ផងដែរ៕

អត្ថបទ៖ ស៊ឺន សុន 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024