ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អង្គការសុខភាពពិភពលោកប្រមើលឃើញថាជំងឹខូវីដ១៩អាចនឹងត្រូវការពេលវេលាយូរអង្វែងតទៅមុខទៀត ទើបអាចកម្ចាត់បានទាំងស្រុង

 

 

 

 

 

នាយកអង្គការសុខភាពពិភពលោក លោកថេដ្រូស ប្រមើលឃើញថាជំងឺខូវីដ១៩អាចនឹងត្រូវការពេលវេលាយូរអង្វែងតទៅមុខទៀត ទើបអាចផុតរលត់ទៅវិញទាំងស្រុង។ ប៉ុន្តែលោកយល់ថាគេអាចទប់ស្កាត់ជំងឺនេះមិនឲ្យរីករាលដាលខ្លាំង ដោយប្រើប្រាស់ពេលវេលាប៉ុន្មានខែខាងមុខនេះ។ សំខាន់ឲ្យតែប្រទេសនីមួយៗខិតខំអនុវត្តវិធានការឲ្យបានហ្មត់ចត់។

 

 

 

លោកថេដ្រូសថ្លែងថា «អង្គការសុខភាពពិភពលោកចង់ឃើញប្រទេសនានាបើកដំណើរការ និងមានស្ថានភាពសេដ្ឋកិច្ចដូចធម្មតាឡើងវិញ។ ប៉ុន្តែលោកសង្កេតឃើញថាសព្វថ្ងៃនេះ នៅតាមប្រទេសជាច្រើន កំពុងជួបការលំបាកជាបណ្ដើរៗ ដោយសារបន្ទប់សង្គ្រោះបន្ទាន់ពេញប្រៀបដោយអ្នកជំងឺ។ មិនតែប៉ុណ្ណោះអ្នកជំងឺនៅតែបន្តស្លាប់ជារៀងរាល់ថ្ងៃ ដោយមិនអាចគេចផុតបានឡើយ»។

 

 

 

ជំងឺខូវីដ១៩មិនងាយនឹងបិទបញ្ចប់ទៅវិញទាំងស្រុងនោះទេ បើយោងតាមលោកថេដ្រូស។ ប៉ុន្តែគេត្រូវតែមានសុទិដ្ឋិនិយមនៅក្នុងរឿងនេះ។ លោកថារយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២១ គឺខែមករា និងខែកុម្ភៈ អត្រាឆ្លងប្រចាំថ្ងៃរាងធ្លាក់ចុះបន្តិច។ នេះជាសញ្ញាបង្ហាញថាយើងនៅតែមានឱកាសកម្ចាត់មេរោគខូវីដ១៩ និងមេរោគបម្លែងខ្លួនថ្មីៗ។

 

 

 

លោកយល់មូលហេតុដែលជំងឺខូវីដ១៩ចាប់ផ្ដើមផ្ទុះឡើងវិញ ដោយសារកត្តា១ចំនួនដូចជា៖ ការយល់ច្រឡំ ការសប្បាយភ្លេចខ្លួនស្មានថាជំងឺនេះថយចុះ និងការមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ឧទាហរណ៍ នៅប្រទេសខ្លះ ទោះបីជំងឺនេះឆ្លងរាលដាលដល់កម្រិតខ្ពស់ក៏ដោយ ក៏នៅតែបើកភោជនីយដ្ឋាន រង្គសាល ក្លឹបកម្សាន្ត និងមានមនុស្សជួបជុំគ្នាសប្បាយគគ្រឹកគគ្រេង។

 

 

អ្នកខ្លះយល់ច្រឡំថាខ្លួនមានវ័យក្មេង មានសុខភាពល្អ កុំខ្វល់ច្រើន ទោះបីឆ្លងខូវីដ១៩ក៏គង់តែជាសះស្បើយឡើងវិញជាមិនខាន។ ទាំងនេះជាចំណុចខុសឆ្គង បើយោងតាមការសង្កេតរបស់អង្គការសុខភាពពិភពលោក៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024