ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មិត្តចិន ផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ៤០ម៉ឺនដូសបន្ថែមទៀត ដល់កម្ពុជា 

១៤ មេសា ២០២១ | ព័ត៌មានជាតិ

រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ជំនួយវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសទៀត ដល់កម្ពុជា។ នេះបើតាមការឱ្យដឹងពីស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមេសានេះ។ 

 


ដំណឹងល្អស្ដីអំពីវ៉ាក់សាំងបង្ការវីរុសកូវីដ១៩បានធ្លាក់មកទៀតហើយនៅមួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ មិត្តដែកថែបក្រុងប៉េកាំងរបស់កម្ពុជា តាមរយៈស្ថានទូតនៅរាជធានីភ្នំពេញ បានបង្ហោះផ្សាយនៅថ្ងៃនេះថា រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិនសម្រេចផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសដល់រាជរដ្ឋាភិបាលកម្ពុជា។

 


បើរាប់បញ្ចូលទាំងវ៉ាក់សាំង ៤០ម៉ឺនដូសនេះទៀត រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជីនពីង បានផ្ដល់ជំនួយវ៉ាក់សាំង១លាន៣សែនដូសហើយដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ចិន ក៏បាន និងកំពុងសម្របសម្រួលឱ្យកម្ពុជាមានអាទិភាពបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដជាបន្តបន្ទាប់ផងដែរ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានជំនួយ និងការសម្របសម្រួលនេះពីប្រទេសចិន។

 


ជុំវិញដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា នាឱកាសថ្លែងសារពិសេស កាលពីព្រឹកថ្ងៃទី១០មេសាកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសថាតាមផែនការ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨លានដូស នឹងត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ ក្នុងនោះ វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី១៧ មេសា ខណៈប្រមាណ ៧,៥លានដូសទៀត នឹងដឹកជាបន្តបន្ទាប់មកកម្ពុជា នៅចន្លោះខែឧសភា ដល់ខែសីហា ឆ្នាំនេះ។ 

 

 
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ ដែលបានចាក់ជូនក្រុមមនុស្សអាទិភាព និងកម្លាំងយោធា។ សម្រាប់មនុស្សវ័យពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ត្រូវទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm។ ចំពោះវ៉ាក់សាំងប្រភេទSinovac ត្រូវបានចាក់ទៅលើក្រុមមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ  និងវ៉ាក់សាំង COVISHIELD ត្រូវចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024