ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ បន្ថែមទៀត

១៤ មេសា ២០២១ | ព័ត៌មានជាតិ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ។ ក្នុងវិធានការរដ្ឋបាលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សា បំរាមគោចរចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ ហើយអ្នកបំពានបំរាមនឹងត្រូវទទួលតាមច្បាប់កំណត់។ 

 


រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ មេសានេះ បានបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីវិធានរដ្ឋបាលជាបណ្តោះអាសន្ន លើកមុននោះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ មេសា ស្អែកនេះ ។ 

 


ក្នុងសេចក្តីសម្រេចនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សាការផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពអាជីវកម្ម ចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋានហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារជាដើម ដែលទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរ ជាលក្ខណៈវេចខ្ចប់បាន។

 


រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្អាកជាបណ្តោះអាសន្ន នូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះរម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ការរៀបចំពិធីបុណ្យសព  ការជួបជុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

 


ជាមួយគ្នានេះ ការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ត្រូវបានផ្អាកជាបណ្តោះអាសន្នដែរ លើកលែងតែចំពោះករណីការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំង ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍របស់ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម ការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅទីកន្លែងបំពេញការងារ នៅទីតាំងដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច។ 

 


គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ម្សិលមិញបានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលយប់ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែមេសា។ ដោយឡែក អ្នកដែលមិនអនុវត្តតាមសេចក្តីសម្រេច ឬបម្រាមគោចរនេះក៏ ត្រូវបានឃាត់រក្សាទុកយាន្តជំនិះ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះ គ្រប់១៤ថ្ងៃ ទើបឲ្យ មកទទួលយកសម្ភារៈ ឬយានជំនិះវិញ៕


អត្ថបទ៖សន រដ្ឋា     រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024