ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ឱកាសចាក់វ៉ាក់សាំង សម្រាប់ជនមានពិការភាព នៅភ្នំពេញ

១៤ មេសា ២០២១ | ព័ត៌មានជាតិ

មន្ត្រីទទួលបន្ទុកផ្នែកពិការភាព បានអំពាវនាវដល់អ្នកធ្វើការជាមួយជនមានពិការភាព ក៏ដូចជាបងប្អូនជនមានពិការភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាចុះឈ្មោះ ឬទំនាក់ទំនងនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច ដើម្បីពិគ្រោះយោបល់ ហើយនឹងឈានទៅទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏សូមជម្រាបជូនផងដែរថា គិតមកដល់ពេលនេះ ជនមានពិការជាង ១៤០ នាក់ហើយ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ដូស លើកទី១។

 


សូមបងប្អូនជនមានពិការភាពគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មេត្តាមកចុះឈ្មោះនៅនាយកដ្ឋានសុខុមាលភាពជនពិការ ក្នុងការពិគ្រោះយោបល់អំពីស្ថានភាព នៃពិការភាពរបស់បងប្អូន ដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះគឺជាអំពាវនាវរបស់លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

 


សូមបញ្ជាក់ថា ការអំពាវនាវរបស់លោក យៀប ម៉ាលីណូ នាពេលនេះ គឺសម្រាប់តែជនមានពិការភាពរស់នៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ តែប៉ុណ្ណោះ ចំពោះជនមានពិការភាពដែលរស់នៅតាមបណ្តាខេត្ត ក្រុង ផ្សេងទៀត ត្រូវរង់ចាំវគ្គបន្តបន្ទាប់ ដែលអ្នកពាក់ព័ន្ធបាន និង កំពុងខិតខំខ្នះខ្នែង ធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ សមស្របទៅតាមប្រភេទពិការភាព និង ឆាប់តាមដែលអាចធ្វើទៅបាន ។

 


ចំណែកឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និង ជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រាប់ PNN តាមប្រព័ន្ធ តេឡេហ្ក្រាម ថា ក្នុងក្របខណ្ឌយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្របសម្រួលឱ្យបងប្អូនជនមានពិការភាពនៅក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ ចំនួន ១៤០ នាក់ ទទួលបានវ៉ាក់សាំង ដូសលើកទី ១ រួចហើយ ។

 


ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅឯកឧត្តម ឱ្យទំនាក់ទំនងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង  ដើម្បី ចាក់វ៉ាក់សាំងជូនបងប្អូនជនមានពិការភាពឱ្យបានសមស្របទៅតាមប្រភេទ នៃ ពិការភាពរបស់ពួកគាត់ ហើយឯកឧត្តម ឯម ច័ន្ទមករា ផ្ទាល់ និង ក្រុមការងារ បាន និង កំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បី ឱ្យបងប្អូនជនមានពិការភាពទទួលបានវាក់សាំងការពារជំងឺកូវីដ-១៩ ។

 


សូមជម្រាបថា នៅក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២១ នេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អ្នកពាក់ព័ន្ធឱ្យសម្របសម្រួលផ្តល់វ៉ាក់សាំងកូវីដ-១៩ នេះ ដល់ជនមានពិការភាពដែរ ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024