ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Ting Tong ចាប់ដៃជាមួយ GMB Official ដើម្បីជម្រុញសិល្បៈចម្រៀងឲ្យកាន់តែមានគុណភាព

១៣ មេសា ២០២១ | កម្សាន្ដ



ស្ងាត់ៗ សិល្បករចម្រៀង Original Ting Tong ប្រកាសខ្លួនជាដៃគូរសហការនឹង GMB Official ជាមួយស្នាដៃចម្រៀងថ្មីចំណងជើង «បើសិនបេះដូងចេះនិយាយ» ផ្អើលអស់អ្នកគាំទ្រ។


បន្ទាប់ពីឈរឈ្មោះជាសិល្បករចម្រៀង Original លើវិថីសិល្បៈជាច្រើនឆ្នាំ និងបានសាងភាពល្បីល្បាញឲ្យខ្លួនឯងតាមរយៈបទចម្រៀងមិនចម្លងគេជាច្រើនបទកាលពេលកន្លងទៅ តារាចម្រៀង Original វ័យក្មេង លោក ឈិត សុវណ្ណនិមិត្ត ឬគ្រប់គ្នាស្គាល់ថា Ting Tong បានសម្រេចចិត្តចាប់ដៃជាមួយ GMB Official ដើម្បីផលិត និងបង្កើតស្នាដៃថ្មី ធ្វើយ៉ាងណាជម្រុញសិល្បៈចម្រៀងខ្មែរឲ្យកាន់តែមានគុណភាព។


ផ្តល់កិច្ចសម្ភាសន៍ជាមួយភីអិនអិនកាលពីពេលថ្មីៗ តារាចម្រៀងពហុជំនាញរូបនេះថា រវាងលោក និង GMB Official គឺជាដៃគូរសហការ លោកមិនមែនជាតារាចម្រៀងពេញសិទ្ធរបស់ GMB Official ឡើយ។ ដូច្នេះលោកនៅតែជាសិល្បករចម្រៀងឯករាជ្យដែលអាចតែងនិពន្ធ ផលិត និងបញ្ចេញចម្រៀងដោយខ្លួនឯងបាន ដោយមិនមានបញ្ហា។


Ting Tong បន្តថា ខ្លួននិង GMB Official នឹងជួយគ្នាទៅវិញទៅមកលើការនិពន្ធ និងផលិតចម្រៀង តួយ៉ាង សូម្បីក្នុងស្ថានភាពប្រទេសកំពុងប្រទះវិបត្តកូវីដ១៩ ក៏ទាំងពីរភាគីព្យាយាមរិះរកមធ្យោបាយល្អបំផុត ដើម្បីបង្កើតស្នាដៃជាមួយគ្នាឲ្យខានតែបាន។


ជាក់ស្តែង ស្នាដៃដំបូងរបស់់លោកដែលទើបបញ្ចេញលើឆានែលយូធូប និងទំព័រហ្វេសប៊ុករបស់ GMB Official មានចំណងជើងថា «បើសិនបេះដូងចេះនិយាយ»
ជាការសហការគ្នាយ៉ាងដុតដៃដុតជើងរវាងលោក និងក្រុមការងារ GMB Official សម្រិតសម្រាំងឲ្យចេញមកប្រកបដោយគុណភាពបទចម្រៀង និងត្រូវតាមចំណង់ចំនូលចិត្តយុវវ័យនាពេលបច្ចុប្បន្ន។


ក្នុងកិច្ចសម្ភាសន៍ខាងលើ Ting Tong បញ្ចាក់ឲ្យដឹងថា ការសម្រេចជ្រើសរើសចាប់ដៃជាមួយ GMB Official ទាំងដែលខ្លួនអាចឈរលើវិថីសិល្បៈបានដោយឯកឯង គឺព្រោះតែ GMB Official មានការគិតស្រលាញ់សិល្បចម្រៀងដូចគ្នា ឲ្យតម្លៃ និងគោរពតម្លៃការងារ ក្រុមការងារមានមានអធ្យាស្រ័យល្អ ចេះយកចិត្តទុកដាក់ហើយស្តាប់គ្នាទៅវិញទៅមក ពិសេសគឺអាចផ្លាស់ប្តូរគំនិតថ្មីៗជាមួយគ្នា ថែមទាំងអាចប្រឹក្សាបញ្ហាផ្សេងៗជាច្រើនទៀតផង។

 


GMB Official ភាគច្រើនជួយលើកការតែងនិពន្ធ និងផលិត ចំណែកខ្ញុំជាមនុស្សមានគំនិតច្រើនអាចផ្តល់ការពិភាក្សា និងប្រឹក្សាផ្លាស់ប្តូរយោបល់។ នេះហើយទើបសម្រេចចិត្តចាប់ដៃគ្នា។

 


ដោយឡែក សម្រាប់បទដំបូង «បើសិនបេះដូងចេះនិយាយ» ខ្ញុំមិនរំពឹងទុកអ្វីទេ។ គ្រប់យ៉ាងមិនស្ថិតលើ GMB ទាំងស្រុងទេ តែវាលើយើងជាសិល្បករដែរ។ ម៉្យាង បទនេះទើបបញ្ចេញបានប៉ុន្មានថ្ងៃ យើងមិនមានការរំពឹងទេ គ្រាន់តែដឹងថាចម្រៀងបានបញ្ចេញហើយ យើងមានអ្នកស្តាប់ មានអ្នកសរសើរច្រើនហើយ នេះហើយជាភាពជោគជ័យមួយផ្នែករបស់យើងហើយ។

 


គួររំលឹកថា Ting Tong ជាតារាចម្រៀងឯករាជ្យម្នាក់ក៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដោយលោកមានសមត្ថភាពក្នុងការច្រៀងបុរាណ និងសម័យ ការនិពន្ធទំនុកច្រៀង ការសម្តែង និងធ្វើជាពិធីករ ទៀតផង។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024