ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសទុកពេល ៣ថ្ងៃ ឲ្យអ្នកកើតជំងឺកូវីដ១៩ បង្ហាញខ្លួន បើមិនដូច្នោះទេ នឹងប្តឹងទៅតុលាការ

១៣ មេសា ២០២១ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី១២ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល ៣ថ្ងៃ សម្រាប់អ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ នៅភ្នំពេញ មកបង្ហាញខ្លួន។ បើមិនដូច្នេះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ រហូតដល់រសៀលនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ក្នុងចំណោមអ្នកជំងឺទាំង ៩នាក់ ដែលអាជ្ញាធរ មិនមានអាសយដ្ឋានច្បាស់លាស់ ហើយទាក់ទងមិនបាននោះ នៅរសៀលនេះ បានទាក់ទងមកអាជ្ញាធរ ដើម្បីទៅយកពួកគាត់ មកទទួលការព្យាបាលនៅមន្ទីរពេទ្យ។

 


សាលារាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩ ចំនួន ៩នាក់ ដែលក្រុមគ្រូពេទ្យ និងអាជ្ញាធររកមិនឃើញ ដោយទុកពេល ៣ថ្ងៃ ឲ្យបុគ្គលទាំងនោះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល។ បើដល់ថ្ងៃទី១៥ ខែមេសា នៅតែបន្តគេសវេះទៀត នោះអាជ្ញាធរ នឹងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមច្បាប់។

 


យ៉ាងណាក៏ដោយ មកដល់រសៀលថ្ងៃទី១២មេសានេះ តាមសាលារាជធានីភ្នំពេញ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ក្នុងចំណោមទាំង ៩នាក់នេះ បានទាក់ទងតាមរយៈទូរស័ព្ទ Hotline មកអាជ្ញាធរហើយ ដើម្បីទៅទទួលពួកគាត់ យកទៅព្យាបាល។

 


នៅសល់អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ទៀត រួមមាន៖ ទី១៖ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។ ទី២៖ឈ្មោះ សៅ ហ៊ាត ភេទស្រី អាយុ ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ។ ទី៣៖ ឈ្មោះ ង៉ូយ ស៊ីនឿន ភេទស្រី អាយុ ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ មានទីលំនៅបច្ចុប្បន្ន នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៤៖ ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៥៖ ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។


សូមរម្លឹកថា អ្នកកើតជំងឺកូវីដ១៩ ដែលគេចវេះទាំងនេះ ប្រឈមនឹងទោសជាប់ពន្ធនាគារ ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ច ទាន់ពេលវេលាទេនោះ៕


អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024