ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីសុខាភិបាលប្រាប់កុំឱ្យមើល ឬស្តាប់ព័ត៌មានប្រតិដ្ឋអកុសល

១៣ មេសា ២០២១ | ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ប្រាប់សាធារណជនថា កុំអាន កុំស្តាប់ កុំមើលព័ត៌មានមិនពិត ព័ត៌មានប្រតិដ្ឋញុះញង់ក្លែងក្លាយ ព្រោះព័ត៌មានអកុសលទាំងនោះ អាចធ្វើឱ្យមនុស្សក្លាយទៅជាអ្នកមានវិបត្តិផ្លូវចិត្ត ក្នុងរយៈពេល ២ សប្តាហ៍ ប្រសិនបើគេមើលព័ត៌មានទាំងនោះ រយៈពេល ២ ម៉ោង ក្នុង ១ ថ្ងៃ។

 


សូមសាធារណជនទាំងអស់ មេត្តាកុំមើល កុំអាន កុំស្តាប់ឱ្យសោះ នូវរាល់ព័ត៌មានមិនពិត ព័ត៌មានល្ហិចល្ហៀង ព័ត៌មានគ្មានប្រភពច្បាស់លាស់ ព័ត៌មានប្រតិដ្ឋញុះញង់ ឬ ព័ត៌មានក្លែងក្លាយ ព្រោះការមើល ការស្តាប់ ការអានព័ត៌មានអកុសលបែបនោះ ក្រៅតែពីមិនអាចជួយអ្វីបានដល់លោកអ្នកទៅ វាថែមទាំងធ្វើឱ្យមានវិបត្តិផ្លូវចិត្តទៀតផង ជាពិសេសនៅក្នុងដំណាក់កាល នៃ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ ។ នេះគឺជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  នាឱកាសនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន ៥ លាន រៀល ប្រគល់ដល់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តស្ថិតនៅលេខរៀងទី ១ លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ  មានទីលំនៅ នៅ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះ ។

 


ការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន បែបនេះ ដោយសារកន្លងមក ជាពិសេសតាំងពីពេលដែល កម្ពុជា រងការរាតត្បាតដោយជំងឺកូវីដ-១៩ និង មុននោះបន្តិច ត្រូវបានឃើញថា ជនខ្លះមានចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំភ្លៃការណ៍ពិតប្រតិដ្ឋរឿងរ៉ាវនានាបង្កក្តីភ័យខ្លាច និង បង្កការភាន់ច្រឡំដល់សាធារណជន ហើយបើទោះជារយៈពេលមួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈស្ថាប័នជំនាញ បានប្រើច្បាប់តឹងរឹងជាងមុនបន្តិចក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានចាប់ឃាត់ខ្លួនជនបង្ហោះព័ត៌មានប្រតិដ្ឋញុះញង់ទាំងនោះផ្តន្ទាទោសតាមច្បាប់ក្តី ក៏គេឃើញថា ជនបង្ហោះពត័មានអកុសលក្នុងចេតនាមិនល្អបែបនោះ នៅតែមាននៅឡើយ ។

 


សូមជម្រាបថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក ហើយរាជរដ្ឋាភិបាល កម្ពុជា គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនចំនួន ១០ លាននាក់ ពីក្នុងចំណោមប្រជាជនជិត ១៦ លាននាក់ ហើយប្រជាជន កម្ពុជា ក៏ចាត់ទុកថាជាប្រជាជនដែលមានភ័ព្វសំណាង ដោយសាររហូតមកដល់ពេលនេះ នៅមានប្រទេសជាច្រើនណាស់ ដែលទោះជាមានលុយច្រើនយ៉ាងណា ក៏មិនទាន់អាចទិញវ៉ាក់សាំងបានសូម្បីតែ ១ ដំណក់នៅឡើយ ព្រោះវ៉ាក់សាំងផលិតមិនទាន់ ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024