ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធស្រូវអង្ករកម្ពុជាថា តម្លៃដឹកជញ្ជូនទំនិញខ្ពស់កំពុងក្លាយជាឧបសគ្គធំសម្រាប់ផែនការនាំចេញអង្ករកម្ពុជាឆ្នាំ២០២១

១២ មេសា ២០២១ | សេដ្ឋកិច្ច


សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ការកើនឡើងតម្លៃដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសអឺរ៉ុបកំពុងក្លាយជាឧបសគ្គធំសម្រាប់ផែនការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ ២០២១។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភីអិនអិនថា បញ្ហាប្រឈមចម្បងរបស់យើងឥឡូវនេះគឺរឿងតម្លៃដឹកជញ្ជូនកំពុងបន្តឡើងលើសមុន ពិសេសតម្លៃដឹកជញ្ជូនទៅអឺរ៉ុប។


តួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ការនាំចេញអង្ករក្នុងរយៈពេល៣ ខែដំបូងដើមឆ្នាំ ២០២១ នេះ សម្រេចបានជាង ១៥ម៉ឺន ៣ពាន់តោន ស្នើនឹងទឹកប្រាក់ជិត ១១០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មានការថយចុះជាង ៧ម៉ឺន៧ពាន់តោន។

 

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ដែរថា បញ្ហាដែលនៅតែធ្វើឲ្យមានការរាំងស្ទះដល់ការនាំចេញអង្កររបស់កម្ពុជានាពេលនេះគឺកង្វះកុងតែន័រ កង្វះកប៉ាល់ដឹកជញ្ជូន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការកើនឡើងថ្លៃខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែង ព្រោះតម្លៃផលិតឡើងខ្ពស់។


ក្នុងត្រីមាសទី១ នេះដែរ ក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨ម៉ឺន៥ពាន់៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១ ម៉ឺន៦ពាន់តោន និងប្រទេស ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួនជាង ១ម៉ឺនតោន។

 


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអះអាងបន្តថា ត្រីមាសទី១ឆ្នាំ ២០២១ នេះគឺជាឆ្នាំដែលមានការនាំចេញទាបបំផុត មិនធ្លាប់មានក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដោយសារតែបញ្ហាជា ចម្បងកង្វះកុងតឺន័រសម្រាប់ការនាំចេញអង្ករហើយថ្លៃដើមដឹកទំនិញបានកើនឡើងខ្ពស់ជាង ៥ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃរយៈពេល ៥ ឆ្នាំចុងក្រោយ។

 

 

ប៉ុន្តែយ៉ាងណាថ្មីៗរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាបានស្នើសុំឱ្យប្រទេសចិនបង្កើនកូតាលើការនាំចូលអង្ករពីប្រទេសកម្ពុជាដល់ចំនួន ៥០ម៉ឺនតោនពោលគឺកើនឡើងចំនួន ១០ម៉ឺនតោននៃកូតាដែលមានស្រាប់បច្ចុប្បន្ន។ 

 

 

ប្រធានសហព័ន្ធស្រូវអង្ករអះអាងថា ក្នុងករណីកម្ពុជាទាញយកការនាំចេញអង្ករទៅទីផ្សារប្រទេសចិនបានកើនឡើងអាចនិយាយបានថា នឹងអាចទូទាត់គ្នាបានសម្រាប់ការធ្លាក់ចុះចំពោះការនាំចេញអង្ករទៅសហគមន៍អឺរ៉ុបបាន ដូច្នេះស្ថិតក្នុងកាលៈទេសៈនេះកម្ពុជាត្រូវទាមទារធ្វើយ៉ាងណាឲ្យចិនទិញអង្ករពីកម្ពុជាឲ្យលើសពីកូតានាំចេញដែលមានសព្វថ្ងៃនេះ ក្នុងវង្វង់៣០ ម៉ឺនតោន និងប្រសិនបើកម្ពុជាអាចបង្កើនការនាំចេញអង្ករទៅចិនបានចន្លោះពី ៣៥ ម៉ឺន ទៅ៥០ ម៉ឺនតោនបាន នោះនឹងធ្វើឲ្យបរិមាណនៃការនាំចេញអង្ករកម្ពុជារក្សាលំនឹងបានដដែល ឬកើនឡើងដល់៨០ ម៉ឺនតោន ខណៈបញ្ហាដឹកជញ្ជូនមួយត្រូវបានដោះស្រាយឲ្យមានភាពល្អប្រសើរបានសម្រាប់ត្រីមាសទី២នេះ៕

 

 

អត្ថបទ; ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024