ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ធនាគារកណ្តាលថៃ៖ កំណើនសេដ្ឋកិច្ចថៃ អាចនឹងចុះទាបជាងការព្យាករណ៍ ដោយសាររលកទី ៣ នៃមេរោគកូវីដ១៩

១២ មេសា ២០២១ | សេដ្ឋកិច្ច



ធនាគារកណ្តាលថៃ បានធ្វើការសន្និដ្ឋានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងឆ្នាំនេះ អាចនឹងចុះទាបជាងការព្យាករណ៍ ដោយសារតែរលកឆ្លងទី ៣ នៃមេរោគកូវីដ១៩ ជាពិសេសជាមេរោគប្រភេទថ្មី ដែលងាយឆ្លងលឿនជាងប្រភេទមុនៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។


លោកស្រី ឆាយ៉ា វ៉ាឌី នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានអះអាងថា កំណើនសេដ្ឋកិច្ចប្រទេសថៃ នៅក្នុងឆ្នាំ ២០២១នេះ អាចនឹងសម្រេចបានទាបជាង ៣% ដែលធនាគារបានព្យាករណ៍កាលពីពេលមុន ដោយសារតែ ភាពមិនច្បាស់លាស់នៃស្ថានការណ៍មេរោគឆ្លងដ៏កាច សាហាវកូវីដ១៩ប្រភេទថ្មី។ សេដ្ឋកិច្ចដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ បានធ្លាក់ចុះដល់ទៅ ៦% កាលពីឆ្នាំមុន ខណៈឆ្នាំនេះ វិស័យទេសចរណ៍នៅតែខំប្រឹងដើរទៅមុខ។


លោកស្រី ឆាយ៉ា វ៉ាឌី បន្តថា បើទោះបីជាសេដ្ឋកិច្ចថៃ អាចកើនឡើងវិញបន្តិចក៏ដោយ វានៅមានចំណុចរសើបច្រើន ជាពិសេសគឺវិស័យសេវាកម្ម ហើយចំពោះការព្យាករណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន គឺពុំទាន់រាប់បញ្ចូលផលប៉ះពាល់នៃរលកទី ៣ នៅឡើយនោះទេ។


យ៉ាងណាក៏ដោយ ក្នុងសេណារីយ៉ូអាក្រក់បំផុត សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះខ្លាំង ដូចកាលពីឆ្នាំ ២០២០កន្លងទៅដែរ អាស្រ័យទៅលើបញ្ហានៃរលកឆ្លងទី ៣ និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង។


អាជ្ញាធរទេសចរណ៍ថៃ ក៏បានអះអាងដែរថា ការផ្ទុះឡើងនូវរលកថ្មី នឹងកាត់បន្ថយចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកជាងពាក់កណ្តាល អំឡុងពេលចូលឆ្នាំសង្រ្កាន្តខាងមុខនេះ ហើយក៏មានបណ្តាខេត្តមួយចំនួន បានស្ម័គ្រចិត្តចាត់វិធានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។


អាជ្ញាធរទេសចរណ៍ថៃ ធ្លាប់បានប៉ាន់ប្រមាណថា ការធ្វើដំណើរកម្សាន្តក្នុងស្រុក នឹងមានជាង ៣លានដង ដែលបង្កើតប្រាក់ចំណូលជូនជាតិ ជាង ៣៨០លានដុល្លារអាមេរិក ក៏ប៉ុន្តែដោយសារតែមានរលកឆ្លងថ្មី តួលេខនេះ នឹងធ្លាក់ចុះពាក់កណ្តាល។

 


បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងថា វ៉ាក់សាំងគ្រប់ប្រភេទជាង ១លានដូស បានចែកចាយទូទាំងប្រទេស ហើយគិតត្រឹមថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១នេះ ប្រជាពលរដ្ឋថៃជិត ៥សែននាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី ១ រួចរាល់ហើយ នៅតាមបណ្តាខេត្តក្រុងទាំង ៧៧៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024