ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលចិន ពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Alibaba ជិត ៣ពាន់លានដុល្លារ

១២ មេសា ២០២១ | សេដ្ឋកិច្ច

 

រដ្ឋាភិបាលចិន បានពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Alibaba នូវទឹកប្រាក់ជិត ៣ពាន់លានដុល្លារអាមេរិក ទៅលើការអនុវត្តរបស់ក្រុមហ៊ុន ដែលគេចាក់ទុកថា ជាការរំលោភបំពានទៅលើ ទីផ្សារប្រកួតប្រជែងផ្តាច់មុខ និងការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន កាលពីពេលថ្មីៗនេះ។

 

 

ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនឈានមុខមួយនៅក្នុងប្រទេសចិន ខាងផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ បានអះអាងថា ក្រុមហ៊ុន ទទួលយកការពិន័យនេះ ហើយនឹងរៀបចំផែនការ ដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួន ចាប់ផ្តើមប្រតិបត្តិការ និងអនុលោមទៅតាមច្បាប់កំណត់។


រដ្ឋបាលសម្រាប់បទប្បញ្ញត្តិទីផ្សារចិន បានលើកឡើងថា ការវាយតម្លៃទៅលើការផាកពិន័យនេះ គឺបញ្ចប់ក្រោយពេលដែល ការស៊ើបអង្កេតទៅលើក្រុមហ៊ុន Alibaba បានចាប់ផ្តើមតាំងពីខែធ្នូ ចុងឆ្នាំ ២០២០មកម្ល៉េះ។


ការស៊ើបអង្កេតនេះ បានផ្តោតទៅលើ ការអនុវត្តរបស់ក្រុមហ៊ុន Alibaba ដែលហាមឃាត់មិនឲ្យ ឈ្មួញ ដែលដាក់លក់ទំនិញរបស់ពួកគេនៅលើទីផ្សារអនឡាញរបស់ Alibaba ពុំត្រូវបានអនុញ្ញាតឲ្យលក់ទំនិញនៅលើទីផ្សារអនឡាញដទៃទៀតឡើយ។


រដ្ឋាភិបាលចិន បានលើកឡើងថា ចាប់តាំងពីឆ្នាំ ២០១៥មក ក្រុមហ៊ុន Alibaba Group បានរំលោភបំពានទៅលើ តម្រូវការផ្តាច់មុខនេះ ដែលប៉ះពាល់ដល់ ការប្រកួតប្រជែង ភាពច្នៃប្រឌិត និងផលប្រយោជន៍របស់ឈ្មួញ ក៏ដូចជាអ្នកប្រើប្រាស់។


គួរជម្រាបដែរថា ការផាកពិន័យនេះ គឺស្មើប្រហាក់ប្រហែលនឹង ៤% នៃប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន Alibaba ដែលរកបានកាលពីឆ្នាំ ២០១៩៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024