ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសលក់រោងចក្រនៅវៀតណាម ក្រោយឈប់ផលិតកម្មស្មាតហ្វូន

១២ មេសា ២០២១ | សេដ្ឋកិច្ច


ក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG របស់កូរ៉េខាងត្បូង បានប្រកាសអំពី ការបញ្ឈប់ផលិតកម្ម និងការចែកចាយលក់ស្មាតហ្វូនរបស់ខ្លួន នៅពេលនេះ ក្រុមហ៊ុនមួយនេះ បានប្រកាសលក់រោងចក្រដ៏ធំបំផុតរបស់ខ្លួន នៅក្នុងខេត្តហៃផុង ប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម។

 


ក្រោយពីបានប្រកាសបញ្ឈប់ផលិតកម្ម និងការចែកចាយស្មាតហ្វូន ក្រុមហ៊ុន LG Electronics បានដាក់លក់រោងចក្រក្នុងខេត្តហៃផុង ប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតទូរស័ព្ទជាង ១០លានគ្រឿងក្នុងមួយឆ្នាំ។


ប្រភពដដែលនេះ បានលើកឡើងថា ក្រុមហ៊ុន ពុំទាន់អាចស្វែងរកអ្នកទិញបាននៅឡើយនោះទេ ដោយសារតែ ក្រុមហ៊ុនផលិតទូរស័ព្ទរបស់វៀតណាម មានរោងចក្រផ្ទាល់ខ្លួនរួចជាស្រេច ហើយពួកគេពុំមានលទ្ធភាពចំណាយទឹកប្រាក់ជិត ៩០លានដុល្លារ ដើម្បីទិញរោងចក្ររបស់ ក្រុមហ៊ុន LG នោះឡើយ។ ទោះយ៉ាងណាក៏ដោយ បើសិនជាក្រុមហ៊ុន ពុំអាចលក់រោងចក្រទាំងមូលនោះទេ ពួកគេអាចនឹងពិចារណាលក់ផ្នែកណាមួយនៃរោងចក្រ។


ការចាកចេញពីទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន LG គឺធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនមួយនេះ ខាតបង់ប្រាក់ជាង ៤ពាន់ ៥រយលានដុល្លារអាមេរិក ក្នុងរយៈពេលជិត ៦ឆ្នាំកន្លងមកនេះ ហើយពួកគេអះអាងថា នឹងផ្តោតសំខាន់ទៅលើផលិតផលអេឡិចត្រូនិកដទៃទៀត។

 

សូមជម្រាបដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុន LG បានធ្វើការនាំចេញស្មាតហ្វូនជាង ២៣លានគ្រឿង ដែលស្មើនឹង ២% នៃចំណែកទីផ្សារសកលលោក ខណៈក្រុមហ៊ុន SAMSUNG នាំចេញដល់ទៅ ២៥៦លានគ្រឿង៕
 

 


អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024