ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

អ៊ុងសានស៊ូជីស្នើសុំតុលាកាអោយលោកស្រីបានជួបជាមួយមេធាវី

 

 

 

 

មេដឹកនាំនៃរដ្ឋាភិបាលស៊ីវិលដែលត្រូវបណ្តេញចេញតំណែងរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រីអ៊ុងសានស៊ូជី(Aung San Suu Kyi) នៅថ្ងៃច័ន្ទនេះ បានស្នើសុំតុលាការអោយលោកស្រីបានជួបផ្ទាល់ជាមួយនិងមេធាវីរបស់លោកស្រី ខណៈដែលលោកស្រីត្រូវប្រឈមនឹងបទចោទប្រកាន់ជាច្រើនដែលបានចោទប្តឹងលោកស្រីចាប់តាំងពីលោកស្រីត្រូវទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាថ្ងៃទី១កុម្ភៈ។ នេះបើតាមការលើកឡើងពីមេធាវីម្នាក់របស់លោកស្រីស៊ូជី។

 


លោកស្រីស៊ូជី ដែលត្រូវបានចាប់ឃុំខ្លួនចាប់តាំងពីកើតមានរដ្ឋប្រហារ បានបង្ហាញវត្តមានសម្រាប់សវនាការតាមរយៈវីដេអូលីញ។ ករណីបទចោទប្រកាន់បន្ថែមទៀតប្រឆាំងនឹងលោកស្រី គឺទាក់ទងទៅនឹងច្បាប់គ្រោះមហន្តរាយធម្មជាតិ។ នេះជាការលើកឡើងពីមេធាវីមីនមីនស៊ូ។

 


សវនាការបន្ទាប់របស់លោកស្រី អ៊ុង សានស៊ូជី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ខែមេសាខាងមុខនេះ។

 

 

ប្រទេសតំបន់អាស៊ានមួយនេះ បានធ្លាក់ចុះទៅក្នុងវិបត្តិចាប់តាំងពីយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីស៊ូជីចេញពីតំណែងនៅក្នុងរដ្ឋប្រហារថ្ងៃ១កុម្ភៈ និងបានចាប់ឃុំខ្លួនលោកស្រីស៊ូជី និងបណ្តាថ្នាក់ដឹកនាំផ្សេងទៀតក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី ហើយក៏ងាកត្រលប់មកវិញនូវការបង្កើតថ្នាក់ដឹកនាំរដ្ឋាភិបាលយោធាជាបណ្តុំនៃក្រុមឧត្តមសេនីយ៍យោធា។

 

 
រដ្ឋាភិបាលយោធា បានព្យាយាមកែតម្រូវស្ថានភាពរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដោយនិយាយថា ការបោះឆ្នោតនៅថ្ងៃទី៨វិច្ឆិកា ដែលជ័យជំនះបានទៅលើគណបក្សសម្ព័ន្ធជាតិដើមើ្បលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំរដ្ឋលោកស្រីអ៊ុងសានស៊ូជីនោះ គឺធ្វើឡើងដោយមានការលួចបន្លំសន្លឹកឆ្នោត។ នេះជាការចោទប្រកាន់មួយដែលគណៈកម្មាការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា បដិសេធ។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024