ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

​សហរដ្ឋ​អាមេរិក​សម្ដែង​ការ​​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ធ្វើ​សកម្មភាព​យោធា​របស់​ប្រទេស​ចិន ដើម្បី​​​គំរាម​កំហែង​កោះ​តៃវ៉ាន់​​​

 

 

 

 

សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ខ្លួន​ពិត​ជា​មានកង្វល់​យ៉ាង​ខ្លាំង​​ចំពោះ​សកម្មភាព​យោធា​របស់​ប្រទេស​ចិន​ ដែល​ចាប់​ផ្ដើម​បង្ហាញ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​សន្តិសុខ​ជាតិ​របស់​កោះ​តៃវ៉ាន់​​។ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​តាម​រយៈ​​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​នៅ​ក្នុងសន្តិសីទ​កាសែត។ សហរដ្ឋ​អាមេរិក​ថា​ខ្លួន​​នៅ​តែ​ប្រកាន់​គោល​ជំហរ​យ៉ាង​រឹង​មាំ​ដដែល​នៅ​ក្នុង​ការ​ការ​ពារ​កោះ​តៃវ៉ាន់​​។​

 

 

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ «​សហរដ្ឋអាមេរិក​នៅ​តែ​ប្រកាន់​យក​គោល​ជំហរ​ប្រឆាំង​ជំទាស់​នឹង​ការ​ប្រើប្រាស់​កម្លាំង​ ឬ​ការ​បង្ខិត​បង្ខំ​តាម​គ្រប់​រូប​ភាព​ ដូច​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដី​ពី​កិច្ច​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។ ទង្វើ​នេះ​អាច​ធ្វើ​ឲ្យ​​អន្តរាយ​ទៅ​ដល់​​​ប្រព័ន្ធ​សន្តិសុខ, ប្រព័ន្ធ​សង្គមកិច្ច និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​តៃវ៉ាន់​»។

 

 

ថ្មីៗ​​​នេះ គេ​ឃើញ​​យន្តហោះ​ចម្បាំង​​របស់​ប្រទេស​ចិន​បាន​ហោះ​ទៅ​កៀក​នឹង​​​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់​ ដើម្បី​បង្ហាញ​កម្លាំង​គាប​សង្កត់​។​​ ​ប្រទេស​ចិនតែង​តែ​ចិញ្ចឹម​ចិត្ត​ចង់​យក​កោះ​​តៃវ៉ាន់​មក​គ្រប់​គ្រង​វិញ​​។ ​បើ​កោះ​តៃវ៉ាន់​នៅ​តែ​រឹង​ទទឹង​,​ ចិន​អាច​នឹង​ប្រើ​ប្រាស់​កម្លាំង​យោធា​វាយ​ប្រហារ​តែ​ម្ដង​។ ជា​ពិសេស បើ​កោះ​នេះ​ហ៊ាន​ប្រកាស​ឯក​រាជ្យ​។​ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​តៃវ៉ាន់​​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​។

 

 

លោក​និយាយ​ដោយ​ប្រាកដ​ប្រជា​ថា​​​តៃវ៉ាន់​​សុខ​ចិត្ត​តស៊ូ​ដល់​​​ដំណាក់​កាល​ចុង​ក្រោយ​ ដើម្បី​ការ​ពារ​កោះ​នេះ​ពី​ការ​វាយ​ប្រហារ​របស់​ប្រទេស​ចិន​។​ តៃវ៉ាន់​ត្អូញ​ត្អែរ​ថា​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ចិន​តែង​តែ​ហោះ​ទៅ​​កៀក​នឹង​ដែន​អាកាស​របស់​ខ្លួន​ជា​ញឹក​ញាប់​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​ចិន​បាន​បញ្ជូន​​​នាវា​ចម្បាំង​ និង​នាវា​ដឹក​យន្តហោះ​ ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​កៀក​នឹង​ដែន​សមុទ្រ​តៃវ៉ាន់​។​

 

 

យោង​តាម​រដ្ឋមន្ត្រី​កា​រពារ​ជាតិ​តៃវ៉ាន់,​ យន្តហោះ​ចម្បាំង​របស់​ចិន​១៥​គ្រឿង​បាន​ហោះ​​ទៅ​ក្បែរ​​កោះ​តៃវ៉ាន់​។ ​យន្តហោះ​ប្រឆាំង​នឹង​នាវា​មុជ​ទឹក​ក៏​​បាន​​បើកកាត់​ច្រក​សមុទ្រ​ដែល​ស្ថិត​​នៅចន្លោះ​​កោះ​តៃវ៉ាន់​ និង​ប្រទេស​ហ្វ៊ីលីពីន​ផង​ដែរ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024