ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

IMF៖ សេដ្ឋកិច្ចវៀតណាម កើនឡើង ៦,៥% ក្នុងឆ្នាំ ២០២១

០៩ មេសា ២០២១ | សេដ្ឋកិច្ច

 

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានធ្វើការព្យាករណ៍អំពី កំណើនសេដ្ឋកិច្ចប្រទេសវៀតណាម ក្នុងឆ្នាំ ២០២១នេះ អាចនឹងសម្រេចបាន ៦,៥% ខ្ពស់ជាងកំណើនមធ្យមក្នុងតំបន់ ដែលមានត្រឹមតែ ៤,៩%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


Story: បើតាមការព្យាករណ៍នេះ បង្ហាញថា វៀតណាម ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លំដាប់ទី ២ ក្នុងតំបន់ នៅពីក្រោយ ប្រទេសហ្វីលីពីន ដែលមានកំណើនដល់ទៅ ៦,៩% ខណៈប្រទេសម៉ាឡេស៊ី មានកំណើនសេដ្ឋកិច្ចស្មើនឹងប្រទេសវៀតណាម ៦,៥% ដូចគ្នា។ លើសពីនេះ សេដ្ឋកិច្ចវៀតណាម អាចនឹងកើនឡើងដល់ ៧,២% ក្នុងឆ្នាំ ២០២២ខាងមុខ។


យ៉ាងណាក៏ដោយ ការិយាល័យស្ថិតិទូទៅវៀតណាម បានគូសបញ្ជាក់ថា គោលដៅកំណើនសេដ្ឋកិច្ច ៦,៥% សម្រាប់ឆ្នាំ ២០២១នេះ គឺជារឿងមួយដែលមានបញ្ហាប្រឈមច្រើន ហើយក៏បានស្នើដល់រដ្ឋាភិបាលវៀតណាម បន្តគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ១៩ ហើយបញ្ចៀសការផ្ទុះឡើងជាថ្មី ខណៈសម្រុកអនុវត្តកម្មវិធីចាក់វ៉ាក់សាំង។


សូមជម្រាបថា បើតាមការព្យាករណ៍របស់ IMF ដដែលនេះ បានបង្ហាញថា សេដ្ឋកិច្ចសកលលោក នឹងងើបមកវិញ ៦% ក្នុងឆ្នាំ ២០២១នេះ បន្ទាប់ពីបានធ្លាក់ចុះ ៣,៣% កាលពីឆ្នាំ ២០២០ តែយ៉ាងណា កំណើនសេដ្ឋកិច្ចសកល នឹងស្ថិតក្នុងកម្រិតមធ្យម ៤,៤% នៅឆ្នាំ ២០២២ និង ៣,៣% នៅឆ្នាំ ២០២៦៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024