ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មិនស្ថិតក្នុងតំណែងតួឯកតែ ត្រាយ៉ាកូ សង្ឃឹមល្បីឈ្មោះក្រោយលេចមុខក្នុងរឿង « មន្តស្នេហ៍ចៅស្រី »

០៩ មេសា ២០២១ | កម្សាន្ដ



ឆ្នាំថ្មីនេះ បុរសង្ហារ ត្រាយ៉ាកូ សង្ឃឹមថា វត្តមានថ្មីរបស់ខ្លួនក្នុងរឿង « មន្តស្នេហ៍ចៅស្រី » ដែលកំពុងបញ្ចាំងនៅលើ កញ្ចក់ទូរទស្សន៍ ភីអិនអិន នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ 

 

 

ស្របពេលកំពុងលេចមុខក្នុងរឿង « មន្តស្នេហ៍ចៅស្រី » បានធ្វើឱ្យតារាសម្តែងរូបសង្ហារ ត្រាយ៉ាកូ រំពឹងថា ស្នាដៃថ្មីរបស់ខ្លួននឹងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បើទោះបីលោកមិនស្ថិតក្នុងតំណែងតួឯកប្រុសក្តី ។
 


រឿង « មន្តស្នេហ៍ចៅស្រី » ទើបតែដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន កាលពីពេលថ្មីៗនេះ ហើយទទួលបានការគាំទ្រពីទស្សនិកជនមិនចាញ់រឿងមុនៗឡើយ ដោយក្នុងរឿងនេះប្រជុំទៅដោយតារាក្មេងៗជាច្រើនរូបដូចជា លោក ខួច និង កញ្ញា ម៉ូនី វិជ្ជរ៉ា ជាដើម ក្នុងនោះលោក តា្រយ៉ាកូ ក៏ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួប្រុសសំខាន់ម្នាក់ផងដែរ ។

 

 

លោក ត្រាយ៉ាកូ បានរៀបរាប់ប្រាប់ថា ឆ្លងកាត់ការសម្តែងជាង ៥ ឆ្នាំ លោកពុំធ្លាប់សម្តែងជាតួអង្គដែលមានចរិត កំប្លែងនោះទេ នេះជាលើកដំបូងហើយដែលអ្នកដឹកនាំរឿងជើសរើសលោកសម្តែងតួអង្គបែបនេះ វាជាបទពិសោធថ្មីមួយ សម្រាប់លោកដើម្បីអភិវឌ្ឍខ្លួនទៅកាន់តំណែងមួយទៀតនៅថ្ងៃអនាគត ។

 


ថ្វីដ្បិតតែមិនស្ថិតក្នុងតំណែងតួឯកប្រុស តែបុរសសង្ហារ  ត្រាយ៉ាកូ មិនមានអារម្មណ៍អាក់អន់ស្រពន់ចិត្តឡើយ លោកបាននិយាយថា តួឯកឬតួរងមិនសំខាន់ អ្វីដែលសំខាន់គឺទទួលបានការងារធ្វើជាបន្ត បន្ទាប់ ដោយលោករំពឹងថា រឿង « មន្តស្នេហ៍ចៅស្រី » នឹងធ្វើឱ្យទស្សនិកជនកាន់តែស្គាល់លោកច្រើន និងមានការគាំទ្រខ្លាំង ។
លោក ត្រាយ៉ាកូ កំពុងខំប្រឹងប្រែង ហាត់ប្រាណ និងថែរូបរាងឱ្យកាន់តែសង្ហារដើម្បីទទួលតំណែងតួឯកប្រុសនៅក្នុងថ្ងៃអនាគត ។


គួរំលឹកផងដែរថា ក្រៅពីអាជីពសម្តែង លោក ត្រាយ៉ាកូ ក៏ជាតារាចម្រៀងរូបសង្ហារនៅក្នុងក្រុមចម្រៀង BS Boy Band មានគ្នា ៤ នាក់ ដែលមានលោក បញ្ញា សិទ្ធ ជាមេក្រុម ។ បទចម្រៀងលោកជាច្រើនកំពុងអង្រួនអារម្មណ៍ទស្សនិកជន ៕
 

 

អត្ថបទ ៖ ម៉ា រីស រូបភាព ៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024