ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

តារាស្រីវ័យក្មេង ដាវី កាន់តែមមាញឹក និងមានប្រជាប្រិយភាពខ្ពស់ទោះកំពុងស្ថិតក្នុងដំណាក់កាលកូវីដ១៩

០៩ មេសា ២០២១ | កម្សាន្ដ

 

ស្របពេលតារា បុគ្គលអ្នកសិល្បៈជាច្រើនកំពុងបាត់បង់ការងារព្រោះបញ្ហាកូវីដ១៩ តារាស្រីវ័យក្មេង កញ្ញា ដាវី បែរកាន់តែមមាញឹក និងមានប្រជាប្រិយភាពខ្ពស់ឡើងខុសប្លែកពីគេឯង ដោយទទួលបានទាំងស៉្បតធំ និងថតភាពយន្តភាគទៀតផង។

 


បើទោះបីទើបប្រឡូកសិល្បៈប្រមាណជាង១ឆ្នាំក្តី តែតារាស្រីវ័យ២១ឆ្នាំ កញ្ញា ដាវី ក្តោបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សមិនចាញ់រៀមច្បងជំនាន់មុនៗនោះទេ។
ដាវី ត្រូវមហាជនកត់ចំណាំ និងស្គាល់កាន់តែច្រើនឡើងបន្ទាប់ពីបង្ហាញខ្លួនក្នុងស៉្បតពាណិជ្ជកម្មធំៗ បដាផ្សព្វផ្សាយពាណិជ្ជកម្ម ការថតផ្សព្វផ្សាយផលិតផល និងការថតម៉ូដសម្អាងការជាដើម។

 


ដាវី ត្រូវគេដឹងថាមានទំនាក់ទំនងល្អជាមួយតារាចម្រៀងស្រីជួរមុខលំដាប់ប្រទេស គឺកញ្ញា មាស សុខសោភា ហើយគ្រប់កម្មវីធីរបស់តារាចម្រៀងជួរមុខរូបនេះ គឺមិនដែលបាត់វត្តមាន ដាវី ឡើយ រួមទាំងថ្ងៃសម្ភោធផលិតកម្ម រាម កាលពីកន្លងទៅ។

 


ជាចំនូលថ្មីក្នុងរង្វង់សិល្បៈក៏ពិតមែន តែផ្ទុយពីគេឯងដែលបាត់បង់ការងារព្រោះបញ្ហាកូវីដ១៩ តារាស្រីរាងតូចច្រឡឹងនេះ បែរទទួលបានការងារចូលមកជាហូរហែរមិនរលោះឡើយ តួយ៉ាងគ្រាន់ឈានចូលខែមេសាភ្លាម នាងបានទទួលថតស៉្បតពាណិជ្ជកម្មសាប៊ូកក់សក់ដ៏ធំមួយ ដែលវីដេអូដ៏ទាក់ទាញនោះជាការផលិតរបស់ Master Digital និងផលិតកម្មផ្សេងទៀត ហើយទើបបង្ហោះលើបណ្តាញសង្គមកាលពីពេលថ្មីនេះ។

 


ពិសេសជាងនេះទៀតនោះ ស្រីស្រស់សោភារូបនេះ ក៏ទទួលឱកាសសម្តែងក្នុងភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិនផងដែរ ចំណងជើងថា «មន្តស្នេហ៍ចៅស្រី» ដែលទើបចាប់ចាក់បញ្ចាំងថ្មីៗនេះផងដែរ។ តាមរយៈស្នាដៃភាពយន្តភាគថ្មីនេះ ដាវី អាចនឹងកើនប្រជាប្រិយភាពបន្ថែមទៀត ខណៈរឿងនេះទើបចាប់ចាក់បញ្ចាំងប៉ុណ្ណោះ តែផ្ទុះការគាំទ្រជាខ្លាំងនឹកស្មានមិនដល់។


សុំជម្រាបថា ដាវី ជាតារាសម្តែងវ័យក្មេងម្នាក់ក៏មានសមត្ថភាព អាចសម្តែង ដើរម៉ូដ និងថតម៉ូតសម្អាងការ បានយ៉ាងល្អ។ បច្ចុប្បន្ន ស្រីស្រស់រូបនេះ មានអាយុ២១ឆ្នាំ កញ្ញាជាអតីតបេក្ខភាពបវរកញ្ញាភពផែនដី២០២០ និងបានជាប់ដល់ចំណាត់ថា្នក់ Top10 ថែមទាំងទទួលបានពានរ៉ូបស្អាត និងការផាត់មុខស្អាតជាងគេក្នុងឆ្នាំ ២០២០។


ដាវី មានប្រភពមកពី ស្អាងកោះធំ។ គិតមកទល់ពេលនេះ តារាស្រីនេះប្រឡូកក្នុងសិល្បៈរយៈពេលជាង១ឆ្នាំហើយ គិតតាំងពីចុងឆ្នាំ២០១៩។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឲ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024