ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញ នូវគោលការណ៍បន្ថែមជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយកូវីដ-១៩

០៨ មេសា ២០២១ | សេដ្ឋកិច្ច


សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោល ការណ៍បន្ថែម៦ចំណុចដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដើម្បីអនុវត្ត ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះមក ។


គោលការណ៍បន្ថែមគោលការណ៍ទាំង៦ចំណុច ដែលសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនាពេលនេះរួមមានចំណុចទី១ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ គឺលើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ 

 


ចំណុចទី២ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម)  រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ 

 


 ចំណុចទី៣ បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ចំណុចសំខាន់ទី៤ បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម  ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។ 

 


ចំណុចសំខាន់ទី៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ និងចំណុចសំខាន់ចុងក្រោយគឺ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។ 

 


គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។

 

 

ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀតក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ៕

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024