ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វិស័យកសិកម្មវៀតណាម ត្រូវការអភិវឌ្ឍវត្ថុធាតុដើមដោយខ្លួនឯង ជាជាងការនាំចូល

០៨ មេសា ២០២១ | សេដ្ឋកិច្ច


 

អ្នកជំនាញនៅក្នុងវិស័យកសិកម្មវៀតណាម អះអាងថា វិស័យកសិកម្មវៀតណាម ត្រូវការអភិវឌ្ឍ និងផលិតវត្ថុធាតុដើមដោយខ្លួនឯង ជាជាងការពឹងផ្អែកទៅលើការនាំចូល ហើយវៀតណាម ក៏ត្រូវពង្រឹងសមត្ថភាពកែច្នៃបន្ថែមផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។


អ្នកជំនាញ បានចង្អុលបង្ហាញថា ផលិតផលកសិកម្មរបស់វៀតណាម នាំចេញរាប់ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែផលិតកម្មទំនិញទាំងអស់នោះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើ វត្ថុធាតុដើមនាំចូលពីក្រៅប្រទេស។


តួយ៉ាង វៀតណាម ជាប្រទេសនាំចេញស្វាយចន្ទីធំជាងគេបង្អស់លើសកលលោក ប៉ុន្តែ វៀតណាម នាំចូលវត្ថុធាតុដើមដល់ទៅ ៨០% នៃផលិតកម្មសរុប ពោលគឺនាំចូលស្វាយចន្ទីឆៅ មកពីបណ្តាប្រទេសជាច្រើនដូចជា កូតឌឺវ័រ នីហ្សេរីយ៉ា និងបេនីនជាដើម។


លើសពីនេះ វៀតណាម ក៏ត្រូវការនាំចូលត្រីធូណាឆៅជាច្រើន ដើម្បីកែច្នៃនាំចេញ ខណៈការផ្គត់ផ្គង់ក្នុងស្រុក មានត្រឹមតែ ៣០% នៃតម្រូវការប៉ុណ្ណោះ។
អ្នកជំនាញស្រាវជ្រាវ នៅក្នុងវិទ្យាស្ថានស្រាវជ្រាវចំណុះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានពន្យល់ថា នៅពេលខ្សែចង្វាក់ផលិតកម្មសកល ចាប់ផ្តើមរីកសាយភាយ ផលិតផលតែមួយមុខ អាចមានដំណាក់កាលផលិតកម្មច្រើន ហើយដំណាក់កាលនីមួយៗ អាចបែងចែកនៅតាមប្រទេសខុសៗគ្នា អាស្រ័យទៅលើ សមត្ថភាពរបស់ប្រទេសនីមួយៗ។

 


សូមជម្រាបថា រដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវគោលនយោបាយជាច្រើន គាំទ្រដល់ផលិតកម្មកសិកម្ម រួមមានវិធានការការពារថ្លៃទំនិញ និងការឧបត្ថម្ភធន ដោយផ្ទាល់ទៅនឹង បរិមាណផលិតកម្ម ប៉ុន្តែ ពុំទាន់ទទួលបានជោគជ័យដោយសារ កង្វះខាតថវិកា និងគ្មានយន្តការទីផ្សារសមស្រប៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024