ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ឥណ្ឌូនេស៊ីនិយាយថាអង់គ្លេសនឹងជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

 

ចក្រភពអង់គ្លេស នឹងគាំទ្របណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធ បន្ទាប់ពីលោកស្រីរដ្ឋមន្ត្រីការបរទេស បានជួបជាមួយសមភាគីអង់គ្លេស។

 

 

 

 

 

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសជាច្រើនដែលជម្រុញអោយមានកិច្ចពិភាក្សាជាន់ខ្ពស់រវាងបណ្តាមេដឹកនាំសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន លើបញ្ហាប្រទេសមីយ៉ាន់ម៉ា។ ការបង្ក្រាបបាតុករនៅប្រទេសមីយ៉ាន់ម៉ា ពីសំណាក់យោធា បានសម្លាប់មនុស្សជិត៦០០នាក់ ដែលពួកគេសុទ្ធសឹងជាអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃ១កុម្ភៈ។

 

 

 

ប្រទេសអង់គ្លេសដែលធ្លាប់ជាម្ចាស់អាណានិគមនិយមលើប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្នុងចំណោមប្រទេសជាអ្នករិះគន់មីយ៉ាន់ម៉ាខ្លាំងបំផុត ទៅលើបញ្ហាដែលយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតមីយ៉ាន់ម៉ារបស់លោកស្រីអ៊ុងសានស៊ូជី។ ប្រទេសអង់គ្លេសក៏ជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសលោកខាងលិចជាច្រើនផ្សេងទៀតដែល បានដាក់ទណ្ឌកម្មតឹងរឹងលើឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ាជាច្រើនរូប រួមនិងបានដាក់ទណ្ឌកម្មលើបណ្តាញអាជីវកម្មរបស់ក្រុមយោធាផងដែរ ជាការឆ្លើយតបទៅនឹងរដ្ឋ​ប្រហារដែលយោធាបានធ្វើឡើង។

 

 

លោកស្រី រ៉េតណូ ម៉ាសូឌី (Retno Marsudi) រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី បានជួបជាមួយនិងលោក ដូមីនិក រ៉ាប(Dominic Raab) រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024