ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូងមានតួលេខអ្នកកើតជំងឺកូវីដ១៩កើនឡើងហើយរំពឹងថាការរឹតត្បិតបន្ថែមទៀតនឹងត្រូវធ្វើឡើង

 

ប្រទេសកូរ៉េខាងត្បូង មានមនុស្ស៧០០នាក់បានឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ ដែលនេះជាតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីដើមខែមករាមក ហើយជាមួយគ្នា នាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍បានព្រមានថា វិធានការរក្សាគម្លាតសង្គមថ្មី ទំនងជាត្រូវការជាចាំបាច់។

 

 

 

 

 

 


យោងទីភ្នាក់ងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងប្រទេសកូរ៉េខាងត្បូង តួលេខអ្នកឆ្លងជំងឺកូវីដ១៩សរុបកាលពីថ្ងៃពុធ បើប្រៀបធៀបនឹងតួលេខអ្នកឆ្លងជំងឺកូវីដ១៩ជាមធ្យម៤៧៧នាក់កាលពីសប្តាហ៍មុន នឹងអាចនាំអោយមានការបារម្ភថា ប្រទេសកូរ៉េខាងត្បូង ប្រហែលជានឹងប្រឈមរលកឆ្លងជំងឺកូវីដ១៩ជាលើកទី៤។

 

 

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun  បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា រលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ១៩អាចបង្អាក់ដល់កម្មវិធីចាក់វ៉ាក់ស៊ាំងរបស់ប្រទេសកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធបាននិយាយថា នឹងផ្អាកជាបណ្តោះអាសន្នក្នុងការចាក់វ៉ាក់ស៊ាំងកូវីដ១៩អាស្ត្រាសេនេកា(AstraZeneca)ទៅអោយពលរដ្ឋរបស់ខ្លួនអាយុក្រោម៦០ឆ្នាំ ខណៈវ៉ាក់ស៊ាំងមួយប្រភេទនេះកំពុងត្រួតពិនិត្យឡើងវិញនៅសហភាពអ៊ឺរ៉ុប។

 

 

ប្រទេសកូរ៉េខាងត្បូង បានអនុម័ត្តអោយប្រើប្រាស់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ១៩ចនស៊ុន អេនចនស៊ុន(Johnson & Johnson) ក្នុងបំណងពន្លឿនយុទ្ធនាការចាក់វ៉ាក់ស៊ាំង។

 

 

អាជ្ញាធរកូរ៉េខាងត្បូង បានអោយដឹងថា ការរឹតបណ្តឹងថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ទំនងនឹងធ្វើឡើងឆាប់ៗនៅថ្ងៃសុក្រ។ កូរ៉េខាងត្បូង បច្ចុប្បន្នបានរឹតត្បិតទៅលើការជួបជុំលក្ខណៈឯកជនមិនអោយមានគ្នាលើសពី៤នាក់។

 

 

ប្រទេសកូរ៉េខាងត្បូងមានតួលេខអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេស ចំនួន១០៧,៥៩៨នាក់ និងមានមនុស្ស១៧៥៨នាក់ស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏កាចសាហាវកូវីដ១៩។

 

 


ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024