ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីនៅប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើតបានកើនឡើងដល់ជាង១៥០នាក់

 

ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែងនៅប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលនៅជិតខាងគ្នា។ ថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងហេតុការណ៍នេះកើនឡើងដល់១៥៧នាក់។ ក្រៅពីនេះ មនុស្សជាច្រើននាក់ទៀតនៅតែបន្តបាត់ខ្លួន។

 

 

 

 

 

 

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានខ្យល់ព្យុះត្រូពិកដ៏ធំមួយបោកបក់ទៅលើផ្នែកខ្លះនៃប្រទេសឥណ្ឌូណេស៊ី និងបង្ខំឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារបោះបង់ចោលផ្ទះសម្បែង។

 

 

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថាខ្លួនបានបូកសរុបបញ្ជីអ្នកស្លាប់ចំនួន១៣០នាក់នៅក្នុងតំបន់ប្រជុំកោះដាច់ស្រយាលក្បែរប្រទេសទីម័រខាងកើត។ ចំណែកមនុស្ស២៧នាក់នៅតំបន់ដាច់ដោយឡែកមួយទៀតក៏ត្រូវអាជ្ញាធរទទួលស្គាល់ថាបានស្លាប់ផងដែរ។ ឥឡូវនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងតែប្រញឹកដៃខ្លាំងមែនទែននៅក្នុងការបំពេញការងាររបស់ពួកគេ។

 

 

 

 

 

ជាពិសេស ការស្វែងរកអ្នកបាត់ខ្លួនជាងចិតសិបនាក់ទៀតយ៉ាងដុតដៃដុតជើង ព្រោះក្ដីសង្ឃឹមនៅមានតិចតួចបំផុតថាពួកគេអាចនៅរស់រានមានជីវិត។ នៅក្នុងដំណើរការស្វែងរកនេះ, គេបានប្រើប្រាស់គ្រឿងចក្រជីកកកាយគំនរបាក់បែក ឬបំណែកដីដែលគរលើគ្នា ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ។

 

 

សាក្សីនិយាយថាភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់យ៉ាងគំហុក និងឆាប់រហ័សបំផុត ដែលធ្វើឲ្យបាក់ដីជាច្រើនកន្លែង និងប្រែក្លាយភូមិរបស់អ្នកស្រុកមួយចំនួនទៅជាវាលទឹកដ៏ល្ហល្ហេវ លាយឡំទៅដោយដីភក់ល្បាប់។ ហេតុដូច្នេះ អ្នកខ្លះជម្លៀសខ្លួនមិនទាន់ពេលវេលា។ ចំណែកអ្នកដែលអាចរត់គេចខ្លួនទាន់ពេល ក៏មិនបានយកអ្វីទៅតាមខ្លួនច្រើនប៉ុន្មានដែរ៕

 

 

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024