ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនបច្ចេកវិទ្យា SAMSUNG Electronics រកប្រាក់ចំណេញកើនឡើង ៤៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១

០៧ មេសា ២០២១ | សេដ្ឋកិច្ច

 

នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស SAMSUNG Electronics របស់ប្រទេសកូរ៉េខាងត្បូង រកប្រាក់ចំណេញប្រតិបត្តិការ កើនឡើង ៤៤% ដែលរុញច្រានដោយការលក់ដាច់នូវ ផលិតផលស្មាតហ្វូនជំនាន់ចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុក នៅថ្ងៃនេះ។


ក្រុមហ៊ុន SAMSUNG Electronics បានបង្ហាញថា ប្រាក់ចំណេញប្រតិបត្តិការ ក្នុងខែមករា ដល់ខែមីនានេះ សម្រេចបានជាង ៨ពាន់ ៣រយលានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៤៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។


ក្រុមហ៊ុន SAMSUNG Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SAMSUNG GROUP ដែលជាអាជីវកម្មដ៏ធំសម្បើមនៅក្នុងប្រទេសកូរ៉េខាងត្បូង និងចូលរួមចំណែកយ៉ាងសំខាន់ដល់ សេដ្ឋកិច្ចជាតិ។


វិបត្តិមេរោគកូវីដ១៩ បានធ្វើឲ្យមានភាពអន្តរាយដល់ សេដ្ឋកិច្ចសកលលោក អស់រយៈពេលជាច្រើនខែ តែយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ក៏បានផ្ទុះឡើងអំឡុងពេលនេះផងដែរ។

 

បើតាមរបាយការណ៍ស្រាវជ្រាវរបស់ Counterpoint Research បានរកឃើញថា ចំណុចផ្ទុះឡើងនៃការលក់ស្មាតហ្វូនសេរីថ្មីរបស់ SAMSUNG គឺដោយសារតែ តម្លៃទាបជាងការរំពឹងទុក ហើយផលិតផលជាច្រើនផ្សេងទៀត ក៏លក់ដាច់ផងដែរ ដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទូរទស្សន៍ និងម៉ាស៊ីនបោកគក់ជាដើម។

 


គួរជម្រាបដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ រំពឹងនឹងបង្កើតស្មាតហ្វូនបាន ៦២លានគ្រឿងនៅក្នុងត្រីមាសទី ១ ដើមឆ្នាំនេះ ហើយរំពឹងនឹងឈានមុខគេនៅលើទីផ្សារស្មាតហ្វូនក្នុងឆ្នាំ ២០២១នេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024