ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមប្រឹក្សាវិនិយោគថៃ ផ្តល់ការលើកទឹកចិត្តពន្ធដល់ គម្រោងជីវបច្ចេកវិទ្យា ក្នុងទំហំទឹកប្រាក់៧៦លានដុល្លារ

០៧ មេសា ២០២១ | សេដ្ឋកិច្ច



ក្រុមប្រឹក្សាវិនិយោគថៃ បានសម្រេចផ្តល់ការលើកទឹកចិត្តពន្ធដល់ គម្រោងជីវបច្ចេកវិទ្យា ដែលមានទំហំទឹកប្រាក់ជាង ៧៦លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១នេះ ដើម្បីទាក់ទាញការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ជួយដល់សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ។

 


កាលពីឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុនវិនិយោគជាច្រើន បានដាក់សំណើសុំការលើកទឹកចិត្ពពន្ធពិសេស សម្រាប់គម្រោងវិនិយោគជីវបច្ចេកវិទ្យារបស់ពួកគេ ដែលគិតជាទឹកប្រាក់សរុបជាង ៩៥៧លានដុល្លារអាមេរិក កើនឡើងដល់ទៅ ២៣៣% ធៀបនឹងឆ្នាំ ២០១៩។


យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាវិនិយោគថៃ បានលើកឡើងថា ក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្តពន្ធ ក្នុងឆ្នាំ ២០២១នេះ ភាគច្រើនគឺដំណើរការអាជីវកម្ម នៅក្នុងផ្នែកឱសថសាស្រ្ត និងជីវប្លាស្ទិក ពាក់ព័ន្ធទៅនឹង ការគ្រប់គ្រងសំណល់អូកានិក និងបង្កើតឧបករណ៍វេចខ្ចប់ជាដើម។


គួរជម្រាបដែរថា ដើម្បីជម្រុញការវិនិយោគឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត គណៈកម្មការវិនិយោគថៃ បានសម្រេចអនុម័តលើ វិធានការលើកទឹកចិត្តការវិនិយោគពិសេស រាប់បញ្ចូលទាំងការលើកទឹកចិត្តសម្រាប់គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកាត់បន្ថយពន្ធក្រុមហ៊ុន ៥០% រយៈពេល ៥ឆ្នាំ សម្រាប់គម្រោងវិនិយោគ ដែលមានតម្លៃលើសពី ៣៣លានដុល្លារអាមេរិក។ 


ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងប្រទេស និងមកពីក្រៅប្រទេស ថៃ ក៏បន្តផ្តល់ការលើកទឹកចិត្តពិសេសៗជាច្រើនទៀត ដល់ការវិនិយោគជា ៣០០ប្រភេទ ដែលអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធលើប្រាក់ចំណូល រយៈពេល ៣ ទៅ ៨ឆ្នាំ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024