ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

IMF៖ ចិន អាចសម្រេចកំណើនសេដ្ឋកិច្ចលើស ៨% ក្នុងឆ្នាំ ២០២១នេះ

០៧ មេសា ២០២១ | សេដ្ឋកិច្ច



ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានតម្លើងការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសចិន ថាអាចនឹងសម្រេចបានដល់ទៅ ៨,៤% ក្នុងឆ្នាំ ២០២១នេះ ដោយសារតែ ចិន ក្រោកឡើងវិញពីវិបត្តិមេរោគកូវីដ១៩ បានយ៉ាងឆាប់រហ័ស និងខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។


ស្ថាប័ន IMF បានពន្យល់បង្ហាញថា ក្រោយពេលដែលប្រទេសចិន បានបិទប្រទេសកាលពីឆ្នាំ ២០២០ ដោយសារវិធានការទប់ស្កាត់មេរោគកូវីដ១៩មក ប្រទេសចិន បានចាប់ផ្តើមរីកលូតលាស់ឡើងវិញឥតឈប់ឈរ ហើយក៏ក្លាយជា ប្រទេសមហាអំណាចសេដ្ឋកិច្ចតែមួយ ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២០កន្លងមក។


កាលពីឆ្នាំ ២០២០ ប្រទេសចិនសម្រេចបានកំណើន ២,៣% ដែលជាកំណើនទាបបំផុត ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ តែយ៉ាងណាសម្រាប់ឆ្នាំ ២០២១នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន បានប្រកាសអំពី គោលដៅសម្រចកំណើនសេដ្ឋកិច្ចជាតិ ឲ្យបានលើស ៦% ដោយសារតែ សេដ្ឋកិច្ចប្រទេសចិន បន្តប្រសើរឡើងវិញពី ឥទ្ធិពលមេរោគកូវីដ១៩ហើយ។


លោក លី កឺឈាង នាយករដ្ឋមន្រ្តីចិន ឲ្យបានដឹងថា ប្រទេសចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច លើសពី ៦% ក្នុងឆ្នាំ ២០២១នេះ ខណៈសេដ្ឋកិច្ចវិទូជាច្រើនរូប រូបទាំងស្ថាប័ន IMF បានព្យាករណ៍ថា សេដ្ឋកិច្ចចិន នឹងកើនឡើងលើសពី ៨% ទៅទៀតក្នុងឆ្នាំនេះ។


ស្ថាប័ន IMF បន្តថា សេដ្ឋកិច្ចប្រទេសចិន បានត្រលប់មករកសភាពដើមវិញហើយ ពោលគឺស្ថិតក្នុងកម្រិតមួយល្អ ដូចមុនពេលផ្ទុះឡើងនៃវិបត្តិមេរោគកូវីដ១៩ ខណៈបណ្តាប្រទេសដទៃទៀត ពុំទាន់អាចត្រលប់មករកសភាពដើមវិញនោះទេ រហូតដល់ឆ្នាំ ២០២៣។

 


ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចប្រទេសចិន គឺខ្ពស់ជាងបណ្តាប្រទេសសំខាន់ៗ ដូចជា អាមេរិក អាល្លឺម៉ង់ និងបារាំងទៅទៀត ក៏ប៉ុន្តែទាបជាងប្រទេសឥណ្ឌា។
យ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ខាងមុខ សេដ្ឋកិច្ចប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនត្រឹមតែ ៥,៦%។

 


គួររម្លឹកថា ជាការជម្រុញដល់សេដ្ឋកិច្ចជាតិ រដ្ឋាភិបាលចិន បានដាក់គោលដៅបង្កើតការងារថ្មី ១១លានកន្លែងក្នុងឆ្នាំ ២០២១នេះ ខណៈកាលពីឆ្នាំ ២០២០កន្លងទៅ គោលដៅកំណត់ត្រឹមតែ ៩លានកន្លែងប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង បានបង្កើតការងារដល់ទៅ ១១លាន ៨សែនកន្លែង លើសផែនការដល់ទៅ ១៣១%៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024