ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងសង្គមកិច្ច បានបញ្ចប់ដោយលទ្ធផលល្អ

០៧ មេសា ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីបានដំណើរបានអស់រយៈពេល ៦ ថ្ងៃមក យុទ្ធនាការ នៃ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីក្រសួងសង្គមកិច្ចលើកទី ១ ត្រូវបានបិទហើយនៅថ្ងៃនេះ ដោយចាក់ជូនមន្ត្រីរាជការបានជាង ១ ពាន់នាក់ គឺជាភាពជោគជ័យ នៃ យុទ្ធនការនេះ ទោះយ៉ាងណា មន្ត្រីជំនាញនៅតែសូមឱ្យអ្នកដែលបានចាក់ហើយក្តី ត្រូវតែបន្តអនុវត្តនូវវិធានការការពារជាបន្តទៅទៀត ហើយត្រូវត្រលប់ទៅចាក់លើកទី ២ ចន្លោះពី ១៤ ថ្ងៃទៅ ២៨ ថ្ងៃ ។

 


យុទ្ធនាការរយៈពេល ៦ ថ្ងៃ នៃ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងសង្គមកិច្ច បានប្រព្រឹត្តទៅដោយល្អ ហើយជាលទ្ធផលចាក់ជូនមន្ត្រីបានចំនួន ១០៨១ នាក់ ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ជា ចំណាន ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជូនមន្ត្រីក្រសួងសង្គមកិច្ច ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ នេះ ហើយឯកឧត្តម ជា ចំណាន បានផ្តាំផ្ញើដល់អ្នកដែលបានចាក់វ៉ាក់ ស៊ីណូវ៉ាក់ នេះជាលើកទី ១ ហើយ ត្រូវត្រលប់ទៅចាក់ដូសទី ២ ក្នុងចន្លោះ ១៤ ថ្ងៃទៅ ២៨ ថ្ងៃ ហើយចាក់លើកទី ១ នៅកន្លែងណា ត្រូវទៅចាក់លើកទី ២ នៅកន្លែងនោះដដែល ។

 


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណដល់ក្រុមការងារ និង អ្នកពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និង ចូលរួមធ្វើឱ្យដំណើរការ នៃ ការចាក់វ៉ាក់នាពេលនេះទទួលបានលទ្ធផលល្អ ហើយឯកឧត្តម រដ្ឋមន្ត្រី វង សូត បានសុំការយោគយល់ពីអ្នកដែលមិនទាន់បានចាក់នៅក្នុងយុទ្ធនាការលើកទី ១ នេះ មេត្តាកុំមានអារម្មណ៍ថ្នាំងថ្នាក់អាក់អន់ចិត្តឡើយ ហើយសូមបន្តអត់ធ្មត់រង់ចាំយុទ្ធនាការចាក់លើកទី ២ និង ជាបន្តបន្ទាប់ទៀត ហើយឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ពុំមានការប្រកាន់រើសអើងនិន្នាការ ឬ ឋានៈតូចធំឡើយ ប៉ុន្តែដោយសារការមកដល់ នៃ វ៉ាក់សាំង មានដំណាក់កាល ទើបរាជរដ្ឋាភិបាល ចាត់អាទិភាពចាក់ជូនអ្នកដែលប្រឈមខ្លាំង ពោលគឺអ្នកដែលមានទំនាក់ទំនងជាមួយអ្នកដទៃច្រើន ។

 


សូមជម្រាបថា រាជរដ្ឋាភិបាល កម្ពុជា មានគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនចំនួន ១០ លាន់នាក់ ពីក្នុងចំណោមចំណោមប្រជាជនសរុបជិត ១៦ លាននាក់ ហើយគិតមកដល់ពេលនេះ ក្រុមការងារពាក់ព័ន្ធបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមនុស្សបានប្រមាណជាជិត ៦០ ម៉ឺន នាក់ហើយ ។

 


ទាំងឯកឧត្តម វង សូត ឯកឧត្តម ជា ចំណាន ក៏ដូចជាក្រសួងស្ថាប័នជំនាញនានា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំឭកម្តងហើយម្តងទៀតថា វ៉ាក់សាំង ពិតជាបានរួមចំណែកការពារសុខភាព សុវត្ថិភាពក៏ពិតមែនហើយ ប៉ុន្តែទាំងអ្នកដែលបានចាក់គ្រប់ដូសរួចរាល់ហើយក្តី អ្នកដែលទើបតែចាក់បានដូសទី ១ក្តី និង អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ពោលគឺនឹងចាក់ជាបន្តបន្ទាប់ក្តី ក៏ត្រូវតែបន្តប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អាជ្ញារធរនានាដាក់ចេញ មានវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមជាដើម៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024