ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នករស់នៅខេត្តភាគពាយ័ព្យ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

០៧ មេសា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា។ ក្រសួង បានបញ្ជាក់ថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមាន ជាពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ។ ដូច្នេះសូមបន្តប្រុងប្រយ័ត្នខ្ពស់។

 


នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានចាប់ធ្លាក់ស្ទើរទូទាំងប្រទេស ដោយនៅតំបន់ខេត្តខ្លះ ជាពិសេសបណ្តាខេត្តភាគពាយ័ព្យមានផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន រងការខូតខាតដោយសារខ្យល់កន្ត្រាក់។


ជាក់ស្តែង គិតចាប់ពីថ្ងៃទី៣ ខែមេសា នៅខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង និងស្រុក៤ទៀត គឺស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកថ្មគោល និងស្រុកបាណន់ មានភ្លៀងធ្លាក់ រួមទាំងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ៥៧ខ្នង។ ក្នុងនោះ ស្រុកបាណន់មានគោ ២ក្បាលបានស្លាប់ ដោយសាររន្ទះបាញ់។

 


នៅថ្ងៃបន្ទាប់ គឺនៅថ្ងៃទី៤ ខែមេសា នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ ក៏មានភ្លៀងធ្លាក់ខ្លាំងហើយលាយឡំជាមួយខ្យល់កន្រ្តាក់ និងបានបណ្ដាលឲ្យផ្ទះពលរដ្ឋ ១៩ខ្នង ផ្សារ២កន្លែង និងតូបចំនួន ១០០តូប ត្រូវខ្យល់កន្ត្រាក់បើងដួលរលំ។ ក្នុងនោះ តាមការឲ្យដឹងមានមនុស្សរងរបួស ៥នាក់ផងដែរ។


ដោយឡែក នៅថ្ងៃទី៥ ខែមេសា នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់កម្រិតមធ្យមលាយឡំជាមួយខ្យល់បោកបក់ខ្លាំង បានបណ្តាលឲ្យប៉ើងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ក្នុងនោះ ក្នុងឃុំសាលាក្រៅចំនួន ០១ខ្នង និងឃុំស្ទឹងត្រង់ចំនួន ០៣ខ្នង។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក។

 


សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមេសានេះ បានព្យាករណ៍ថា ចាប់ពីថ្ងៃទី៧ ដល់១៣ ខែមេសា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពោធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់មកពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួយភ្នំដងរែក និងខ្ពង់រាបឥសាន និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម បង្គួរ ក្នុងនោះ ក៏មានខេត្តខ្លះអាចមានភ្លៀងធ្លាក់ច្រើន។

 


ជាថ្មីម្តងទៀត ក្រសួងធនធានទឹកបានអំពាវនាឲ្យប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នកនៅខេត្តភាគពាយ័ព្យរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ដែលបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់អាចនឹងកើតមានឡើង៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024