ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១

ក្រសួងសុខាភិបាល ក្រើនរម្លឹកចុងក្រោយ ដល់គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

០៧ មេសា ២០២១ | ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានចេញលិខិត ក្រើនរម្លឹកចុងក្រោយ ទៅដល់គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នោះគឺការមិនអនុញ្ញាតឲ្យពេទ្យឯកជន ពិនិត្យព្យាបាលអ្នកជំងឺសង្ស័យថា ជាជំងឺកូវីដ មិនអនុញ្ញាតឲ្យធ្វើតេស្តរកមេរោគកូវីដ ព្រមទាំងមិនអនុញ្ញាតឲ្យពេទ្យឯកជន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាដាច់ខាត។

 


ក្រៅពីការហាមឃាត់ខាងលើនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសណែនាំឲ្យកន្លែងសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវរៀបចំដាក់តុមួយ និងបុគ្គលិកពេទ្យ ១រូប នៅពីខាងក្រៅច្រកទ្វារចូល នៅក្នុងកន្លែងពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីរង់ចាំយកកំដៅ និងការបែងចែកជំងឺ និងការត្រួតពិនិត្យអ្នកជំងឺដំបូង។

 


សេចក្តីជូនដំណឹង បន្តថា ប្រសិនបើមានសញ្ញាណាមួយ ដូចក្នុងនិយមន័យកូវីដ១៩ អ្នកជំងឺ ឬបុគ្គលនោះ សន្មត់ថា ជាករណីសង្ស័យជំងឺកូវីដ១៩ ត្រូវឲ្យគាត់ពាក់ម៉ាស និងណែនាំគាត់ឲ្យទៅកន្លែងរង់ចាំមួយ ដែលនៅក្បែរនោះ ដោយរក្សាគម្លាតយ៉ាងហោចណាស់ មួយម៉ែត្រកន្លះពីគ្នា រួចជូនព័ត៌មានទៅកាន់មន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីមកសម្របសម្រួល បញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័ក ដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ១៩។


ចំពោះគ្រូពេទ្យ និងបុគ្គលិក ដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺ ដែលសង្ស័យថា ជាជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក រយៈពេឡ ១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ។

 


ក្នុងសេចក្តីប្រកាស ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនណាមួយ មិនបានគោរពទៅតាមការណែនាំខាងលើនេះទេ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននោះ ដោយអនុវត្តទៅតាមច្បាប់ និងអនុក្រឹត្យ ស្តីពី ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន៖ ការព្យួរ ឬដកអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ការបិទអាជីវកម្ម ពិន័យអន្តរការណ៍ ពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ៕


អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.