ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សហគ្រាសផលិតក្នុងស្រុកកំពុងធ្លាក់ចុះចំណូល ព្រោះកូវីដ១៩

០៦ មេសា ២០២១ | សេដ្ឋកិច្ច



សហគ្រាសផលិតក្នុងស្រុក ត្អូញត្អែរពីការបាត់បង់ចំណូល និងនៅតែបារម្ភអំពីការធ្លាក់ចុះនៃចំណូលនេះបន្ថែមតទៅមុខទៀត ប្រសិនបើការរីករាលដាលជំងឺកូវីដ ១៩ នៅបន្តអូសបន្លាយ និងមិនទាន់គ្រប់គ្រងបានឲ្យមានលំនឹងនោះ។

 


ដូចដែលបានដឹងហើយថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូដ ១៩ ក្នុងសហគមន៍ ២០ កុម្ភៈ ជាថ្មីម្តងទៀតមក ក្រុមហ៊ុនឯកជនដែលជាអ្នកផលិតក្នុងស្រុកបានរងផលប៉ះពាល់យ៉ាងខ្លាំង ដែលក្នុងនោះក៏មានវត្តមានក្រុមហ៊ុននំស្រួយលីលីមួយដែរ បានបង្ហាញពីការធ្លាក់ចុះនៃចំណូលរបស់ខ្លួនរហូតដល់៤០ ទៅ៥០ភាគរយ។

 


លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលីបានគូសបញ្ជាក់ប្រាប់ភីអិនអិនឲ្យដឹងថា តាំងពីជំងឺកូវីដ១៩ មានការផ្ទុះឡើង ក្នុងសហគមន៍ ២០ កុម្ភៈ គឺការលក់ផលិតផលនំស្រួយលីលី មានការធ្លាក់ចុះខ្លាំង និងបានធ្វើឲ្យលំហូរសាច់ប្រាក់បង្វិលសម្រាប់ទ្រទ្រង់ដល់ដំណើរការផលិតត្រូវជួបបញ្ហារាំងស្ទះ។ លោកជំទាវអះអាងបន្តថា អតិថិជនដែលជាអ្នកចែកចាយបន្តនៅតាមផ្សារទាំងនៅក្នុងរាជធានី និងនៅតាមបណ្តាខេត្ត បានកាត់បន្ថយការបញ្ជារទិញ ស្របពេលដែលពួកគាត់ជួបបញ្ហាប្រឈមលក់មិនដាច់។

 


យ៉ាងណាក៏ដោយចុះ បើតាម លោកជំទាវ ស្ថិតក្នុងអំឡុងពេលនេះការបញ្ចេញទំនិញទៅទីផ្សារខាងក្រៅនៅដំណើរជាធម្មតាមិនមានបញ្ហាចោទនោះទេ តែអ្វីដែលចោទជាបញ្ហានោះគឺទីផ្សារក្នុងស្រុក បានធ្វើឲ្យការលក់បានធ្លាក់ចុះពី៤០ ទៅ៥០ ភាគរយ។ លោកជំទាវ ឧកញ៉ា កែវ មុំ បានឲ្យដឹងទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះសហគ្រាសផលិតក្នុងស្រុក គឺពិតណាស់ត្រូវជំនួយពីរដ្ឋាភិបាល ទាំងប្រភពហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មផ្សេងៗ។

 


សូមជម្រាបថា កាលពីថ្ងៃទី ២៩ មិនា កន្លងទៅនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការគម្រោង ធានា ឥណទាន ដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជាដែលមានដើមទុនដំបូងចំនួន ២០០លានដុល្លារ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូសហការជាមួយសាជីវកម្មធានាឥណទានប្រមាណ ៧ស្ថាប័ន រួមមានធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារអេស៊ាប៉ាស៊ីហ្វិក ធនាគារប្រៃសនីយ៍កម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព និងធនាគារព្រីនស៍ ដូច្នេះឧស្សាហកម្មក្នុងស្រុកណាដែលជួបបញ្ហាហិរញ្ញវត្ថុអាចទាក់ទងទៅស្ថាប័នទាំង៧នេះបាន។

 


ជុំវិញនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ គម្រោងធានា ឥណទាននេះ គឺឧស្សាហកម្មផលិតក្នុងស្រុកសុទ្ធតែបានសាទរ និងរីករាយចំពោះរាជរដ្ឋាភិបាលក្នុងការដាក់ឲ្យប្រើប្រាស់នូវកញ្ចប់គម្រោងធានាឥណទានលើកដំបូង ២០០លានដុល្លារ និងក៏បានសង្ឃឹមផងដែរថា អាជីវកម្មប្រភេទមីក្រូ អាជីវកម្មខ្នាតតូច មធ្យម និងធំ ពិតណាសនឹងអាចមានឱកាសទទួលបានប្រភពទុនបន្ថែម តាមរយៈគម្រោងធានាឥណទាននេះ។

 


លោកជំទាវឧកញ៉ា កែវ មុំ អះអាងបន្ថែមថា ការដាក់ឲ្យប្រើប្រាស់នូវគម្រោង ធានា ឥណទាននាពេលនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយស្តារ និងសង្រោះអាជីវកម្មក្នុងស្រុកដែលកំពុងរងគ្រោះអាចទទួលបានដើមទុនយកទៅពង្រីកអាជីវកម្មបន្ថែមក្នុងស្ថានភាពដ៏លំបាកនេះ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024